ជំងឺឈាមខ្មៅ ឬអង់ត្រាក់ Anthrax គឺជាជំងឺមួយដែលមានចុះក្នុងបញ្ជី WOAH។ ករណីរកឃើញចាំបាញ់ត្រូវរាយការណ៍ទៅ WOAH ដូចដែលបានបញ្ជាក់នៅក្នុងក្រមសុខភាពសត្វពាហនៈ។ ជំងឺនេះបង្កឡើងដោយបាក់តេរី Bacillus anthracis ដែលអាចឆ្លងពីមនុស្សទៅសត្វ និងពីសត្វទៅមនុស្ស ដែលកម្រនឹងកើតឡើង ឬរាលដាលឆាប់រហ័សណាស់។ ជាទូទៅជំងឺនេះ តែងតែកើតលើសត្វដែលស៊ីស្មៅជាអាហារ។ ជាក់ស្តែង ដូចជា សត្វគោ ក្របី ឬសត្វចៀមជាដើម។ នៅពេលដែលបាក់តេរី Bacillus anthracis ចូលទៅក្នុងខ្លួនសត្វទាំងនោះ ភាគច្រើនវាបង្កឱ្យមានអាការៈដូចជា ឡើងកម្តៅ និងស្ញោកម្លាំងចុះខ្សោយ ដែលនៅក្នុងចន្លោះពី២៤ ទៅ៤៨ម៉ោង សត្វទាំងនោះងាប់ភ្លាមៗតែម្តង។ យើងអាចកំណត់សម្គាល់រោគសញ្ញាបាន តាមរយៈការចេញឈាមតាមរន្ធធម្មជាតិ និងការហូរសំបោរជាដើម។
បាក់តេរី Bacillus anthracis ត្រូវបានរកឃើញ នៅលើស្រទាប់ដីជុំវិញពិភពលោក ហើយជាទូទៅអាចបង្កការប៉ះពាល់ដល់សត្វចិញ្ចឹម និងសត្វព្រៃ។ បាក់តេរីដែលបង្កជំងឺនេះ មានភាពធន់ខ្លាំងនឹងសីតុណ្ហភាព និងអាចរស់រានមានជីវិតក្នុងបរិស្ថានជាច្រើនទស្សវត្ស ដែលធ្វើឱ្យមានការស្មុគស្មាញក្នុងការគ្រប់គ្រង ឬលុបបំបាត់ជំងឺនេះ។ ជាកត្តាធម្មតា ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅនេះ ឆ្លងពីសត្វទៅមនុស្សតាមរយៈបាក់តេរីBacillus anthracis ក្រោយមានការប៉ះផ្ទាល់ជាមួយសត្វ ឬផលិតផលសត្វដែលមានផ្ទុកមេរោគ។ មនុស្សអាចឆ្លងបាក់តេរីនេះតាមរយៈការដកដង្ហើម ដែលមានផ្ទុកស្ព័រអង់ត្រាក់ ការទទួលទានអាហារ ឬផឹកទឹកដែលមានផ្ទុកបាក់តេរី ឬប៉ះពាល់ស្ព័រលើស្បែក។ សត្វស៊ីសាច់ និងមនុស្សអាចឆ្លងមេរោគនេះដោយការបរិភោគសាច់សត្វដែលមានផ្ទុកមេរោគ។ បន្ថែមពីនេះ សត្វនឹងឆ្លងមេរោគដោយការទទួលយកស្ព័រដែលមាននៅក្នុងដី ក្នុងចំណី ឬបាក់តេរីស្ព័រដែលហើរតាមខ្យល់។
លោកបណ្ឌិត នូ វនិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាមិនទាន់រកឃើញករណី ជំងឺដែលកើតលើសត្វគោមានដូចជា ជំងឺអុតក្តាម ជំងឺសារទឹក ជំងឺដុំពកស្បែក និងចំពោះជំងឺអង់ត្រាក់ នៅឡើយទេ។ ក្នុងចំណោមជំងឺខាងលើ ជំងឺសារទឹកគឺជាជំងឺដែលគួរអោយបារម្ភជាងគេ ព្រោះវាមានអាការៈស្រួចស្រាវប្រហែលនឹងជំងឺអង់ត្រាក់។ ជាការឆ្លើយតប ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែប្រកាសឱ្យប្រជាពលរដ្ឋយកសត្វពាហនៈរបស់ខ្លួនមកទទួលវ៉ាក់សាំងបង្ការជំងឺអុតក្តាម និងជំងឺសារទឹក ព្រោះការចាក់វ៉ាក់សាំងគឺជាវិធានការដែលមានប្រសិទ្ធិភាពមួយ។ ការចាក់វ៉ាក់សាំងដល់សត្វជាមុនអាចការពារមិនឱ្យសត្វឆ្លងជំងឺនេះ ទោះបីជាវាស្ថិតក្នុងហ្វូងសត្វឈឺក៏ដោយ។
លោកអគ្គនាយករងបានបន្ថែមទៀតថា រាល់ពេលឃើញអាការៈសង្ស័យ ឬសត្វគោងាប់ ប្រជាពលរដ្ឋគួររាយការណ៍ទៅភ្នាក់ងារបសុពេទ្យ ឬពេទ្យសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ដោយសារជំងឺអង់ត្រាក់មិនមែនជាជំងឺដែលកើតឡើងជាប្រចាំនៅប្រទេសកម្ពុជា ដូចនេះយើងមិនត្រូវការប្រើប្រាស់វ៉ាក់សាំងការពារនោះទេ ប៉ុន្តែក្នុងមានករណីផ្ទុះណាមួយ យើងអាចប្រើប្រាស់ថ្នាំផ្សះព្យាបាលស្កាត់ក្នុងកំឡុងពេលសត្វសម្ងំជំងឺនេះ ហើយវិធានការបន្ទាប់ពីការព្យាបាល២ទៅ៣សប្ពាហ៍ សត្វដែលរស់នៅក្បែរតំបន់នោះនឹងត្រូវទទួលវ៉ាក់សាំងការពារផងដែរ។ រាល់ការចរាចរណ៍សត្វពីតំបន់មួយទៅតំបន់មួយ ត្រូវមានការសម្គាល់ និងត្រួតពិនិត្យពីពេទ្យសត្វ ដោយឆ្លងកាត់សត្តឃាតដ្ឋាន និងទុកក្នុងរយៈពេលកំណត់មួយ (២៤ម៉ោង)មុនសម្លាប់។ ប្រជាពលរដ្ឋអាចទាក់ទងទៅ ប្រធានពេទ្យសត្វផ្ទាល់ លោក ទេព វិចិត្រមុន្នី តាមរយៈលេខទូរស័ព្ទ ០១៦ ៨៦៧ ៨១១៕



