វិទ្យាស្ថានស្តង់ដារកម្ពុជា បិទបញ្ចប់គម្រោងមេគង្គ-ឡានឆាង ដោយពង្រឹងសមត្ថភាពអ្នកជំនាញប្រព័ន្ធគ្រប់គ្រងគុណភាព នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា
គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយបានពង្រឹងសមត្ថភាពតំបន់ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ពិធីបិទគម្រោងនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន សមាគមធុរកិច្ច រោងចក្រ-សហគ្រាស ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដែលចូលរួមអនុវត្តស្តង់ដារ ISO 9001: 2015 សរុបប្រមាណ១៥០នាក់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ហើយស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្មផលិត អាជីវកម្មនាំចេញ រួមទាំងអ្នកចែកចាយទំនិញឬផលិតផលនៅលើទីផ្សារ សម្រាប់ធ្វើការប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។”
ឯកឧត្តមបានបន្ថែមថា ស្តង់ដារ ISO 9001:2015 ផ្តោតទៅលើទំនួលខុសត្រូវ និងគណនេយ្យភាពស្ថាប័ន ទាំងមូល ចាប់ពីប្រធានអង្គភាពរហូតដល់បុគ្គលិក តាមច្រវាក់ផលិតកម្ម និងដំណើរការនីមួយៗ ដើម្បីធានាបាននូវផលិតផលសម្រេចដែលអនុលោមទៅតាមស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវទីផ្សារពាក់ព័ន្ធ។
គម្រោងនេះបានបណ្តុះបណ្តាលអ្នកជំនាញ ដែលត្រូវបានវាយតម្លៃជាអន្តរជាតិពីស្ថាប័នវិជ្ជាជីវៈផ្នែកគុណភាព Chartered Quality Institute ដោយជោគជ័យ ក្នុងនោះមានគ្រូបង្គោលចំនួន១៥នាក់ ដែល១០នាក់មកពីប្រទេសកម្ពុជា ២នាក់មកពីប្រទេសឡាវ និង៣នាក់មកពីមីយ៉ាន់ម៉ា ព្រមទាំងអ្នកដឹកនាំសវនករចំនួន១០នាក់ ដែលមាន៧នាក់ ជាជនជាតិខ្មែរ។
ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
ឯកឧត្តមបានបន្តថា៖ “តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ដែលទទួលស្គាល់ជាអន្តរជាតិនេះ យើងកំពុងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្ររោងចក្រ-សហគ្រាស និងសិប្បកម្មនានា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពដែលបំពេញតាមតម្រូវការទីផ្សារអន្តរជាតិ។”
គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងគោលបំណងរួមចំណែកដល់ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពកាន់តែរឹងមាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស មេគង្គ-ឡានឆាងទាំងបី ៕



