វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានសហការជាមួយ EIT Digital Master School (ដែលត្រូវបានស្គាល់ផងដែរថា 28 Digital)បាន រៀបចំកម្មវិធីផ្តល់ព័ត៌មានអំពីឱកាសសិក្សា និងអាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកឌីជីថល នៅសហភាពអឺរ៉ុប ជូនដល់និស្សិតសម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសហការជាមួយ EIT Digital Master School (ដែលត្រូវបានស្គាល់ផងដែរថា 28 Digital)នារសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បាន រៀបចំកម្មវិធីផ្តល់ព័ត៌មានអំពីឱកាសសិក្សា និងអាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកឌីជីថល នៅសហភាពអឺរ៉ុប ជូនដល់និស្សិតសាលាតិចណូ ចូលរួម ប្រមាណ ១០០ នាក់ ដែលកំពុងសិក្សាលើជំនាញឌីជីថលនិងមានធ្វើកិច្ចព្រមព្រៀងចុះហត្ថលេខាលើសំណើស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងស្រាវជ្រាវ។ កម្មវិធីនេះដែរ មានវត្តមានលោក ស៊ិម ទេពមុនី នាយកសាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោកស្រី Flora Bertizzolo អ្នកគ្រប់គ្រងកម្មវិធីអប់រំ និង លោក ប៊ូ នឿន ប្រធានកម្មវិធី អប់រំ និង ជំនាញ និងជាតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Evangelo Marios Kemos អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងទីផ្សារ និងលោក Moccia Salvatore នាយកផ្នែកជំនាញ និងការអប់រំ ព្រមទាំងសាលាក្រោយបរិញ្ញាបត្រ នៃ EIT Digital Master School។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រោមការសម្របសម្រួលរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា EIT Digital Master School និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះហត្ថលេខាលើសំណើស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងស្រាវជ្រាវ។ កិច្ចព្រមព្រៀង EIT Digital Master School បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង ជូនដល់និស្សិតសាលាតិចណូ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។
ភាគីទាំងពីរ ក៏បានសម្ដែងបំណងរួមគ្នា ក្នុងការបង្កើតកម្មវិធី សញ្ញាបត្រពីរ (Dual Degree Program) រវាងសាលាតិចណូ និង EIT Digital Master School ដែលមានសកលវិទ្យាល័យដៃគូជាច្រើននៅសហភាពអឺរ៉ុបជាសមាជិក លើជំនាញឌីជីថលមួយចំនួន នាពេលអនាគត ដើម្បីពង្រឹងគុណភាពធនធានមនុស្ស និងឱកាសអន្តរជាតិសម្រាប់និស្សិតសាលាតិចណូ។
គួរបញ្ជាក់ផងដែរថាភាគីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏មានវត្តមានចូលរួមពី លោក ស៊ិម ទេពមុនី នាយកសាលាក្រោយបរិញ្ញាបត្រ, លោក ឡាយ ហេង ព្រឹទ្ធបុរសរងមហាវិទ្យាល័យអគ្គិសនី និង លោក សៀង ផេន ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិផងដែរ។



