វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ សហការជាមួយ វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ស្តីពី ការទទួលបានសេវាសុខភាព ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ សហការជាមួយ វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ស្តីពី ការទទួលបានសេវាសុខភាព ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានលើកឡើងថា ការរៀបចំពិធីនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្ស និងយុវជនអំពីសិទ្ធិនារី ជាពិសេស សិទ្ធិពាក់ព័ន្ធនឹងសុខភាព និងបង្កើនការយល់ដឹងអំពីទំនាក់ទំនងរវាងសមភាពយេនឌ័រ សុខភាពសាធារណៈ និងការចូលដំណើរការសេវា WASH សម្រាប់ស្ត្រី និងក្មេងស្រី។ សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងកុមារ គឺជាគោលដៅសំខាន់ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងការផ្តល់កាលានុវត្តភាពពេញលេញសម្រាប់ស្រ្តី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ជាពិសេស រួមចំណែកពន្លឿនការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។
លោក ឆាត់ សុភាព នាយកប្រចាំប្រទេសអង្គការ Water Aid មានប្រសាសន៍ដែរថា ការលើកកម្ពស់សេវាសុខភាព និងអនាម័យ គឺជាគោលដៅសំខាន់ ដែលប្រជាពលរដ្ឋ អាចធ្វើឲ្យសហគមន៍មានសុខភាពកាន់តែប្រសើរ។ Water Aid មានគម្រោង «ភាពជាដៃគូដើម្បីធ្វើឱ្យប្រសើរនូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ» ក្នុងគោលបំណងកៀរគរសង្គមស៊ីវិល និងអំពាវនាវឱ្យអ្នកកាន់កាតព្វកិច្ច អនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចគោលដៅចម្បងរបស់ Water Aid គឺការបញ្ចប់វិបត្តិទឹកស្អាត អនាម័យ និងអនាម័យផ្ទាល់ខ្លួន សម្រាប់មនុស្សគ្រប់រូប គ្រប់ទីកន្លែង។
លោកជំទាវ ញាន បញ្ញាពេជ្រ អនុប្រធានក្រុមការងារ សសយក ប្រចាំវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា ពាក្យថា សន្តិសុខសម្រាប់ស្រ្តី គឺជាគ្រួសារ មិនមែនជាការការពារត្រឹមរូបរាងកាយស្ត្រីតែមួយមុខនោះទេ គឺជាការការពារទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងសិទ្ធក្នុងការប្រកបរបរ និងទទួលបានចំណូល និងបានចូលរួមលើកកម្ពស់វិស័យការងារ ព្រោះថាស្ត្រី មានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយសហគមន៍ ដើម្បីចូលរួមក្នុងដំណើរការសន្តិភាព។
ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បញ្ជាក់ថា ហេតុផលដែលជារៀងរាល់ឆ្នាំ នៅទូទាំងសកលលោក តែងតែប្រារព្ធទិវាអន្តរជាតិនារី គឺចង់បង្ហាញពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព។ ឯកឧត្តម លើកទឹកចិត្ត ចំពោះការតស៊ូមតិទាំងអស់ ដើម្បីបន្តលើកកម្ពស់សិទ្ធ និងសេចក្តីថ្លៃថ្នូចំពោះស្ត្រីគ្រប់រូប រួមនឹងវិស័យសុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងសិទ្ធិស្ត្រី ទាំងក្នុងនាមបុគ្គល និងក្នុងនាមស្ថាប័ន។
សូមបញ្ជាក់ថា កម្មវិធីនេះ ក្រោមការគាំទ្រថវិកាពី ម្ចាស់ជំនួយ Sida តាមរយៈអង្គការ WaterAid សហការរៀបចំដោយ វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) និងអង្គការដៃគូអនុវត្តគម្រោងចំនួន៤រួមមានៈ API, CDPO, KHANA និង HACC ក្រោមគម្រោង «ភាពជាដៃគូដើម្បីធ្វើឱ្យប្រសើរនូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ» ។



