វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសឱ្យសិស្សស្គាល់រោងជាង ឧបករណ៍ទំនើប និងការងារជាក់ស្តែង

(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើការផ្សារភ្ជាប់រវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ឱកាសឱ្យសិស្សានុសិស្សបានស្គាល់ដោយផ្ទាល់នូវរោងជាង ឧបករណ៍ បរិក្ខារបច្ចេកទេស និងបរិយាកាសសិក្សាដែលត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍជំនាញ។

ក្នុងសកម្មភាពតម្រង់ទិសវិជ្ជាជីវៈកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យទំនាក់ទំនងរបស់វិទ្យាស្ថាន បានចុះផ្សព្វផ្សាយ និងផ្តល់ប្រឹក្សាអំពីជម្រើសសិក្សាជំនាញបច្ចេកទេសដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យចំនួន៦ ក្នុងខេត្តសៀមរាប។

តាមរយៈសកម្មភាពនេះ សិស្សប្រមាណ ៥០ភាគរយ បានបង្ហាញចំណាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងបានស្នើឱ្យវិទ្យាស្ថានរៀបចំទស្សនកិច្ចសិក្សា ដើម្បីអាចស្វែង យល់បន្ថែមអំពីកម្មវិធីសិក្សា រោងជាង ថ្នាក់រៀន និងឧបករណ៍បច្ចេកទេសដែលប្រើប្រាស់ក្នុងការបណ្តុះបណ្តាល ។

ជាការឆ្លើយតប វិទ្យាស្ថានបានរៀបចំមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៣ រួមមាន វិទ្យាល័យអារញ្ញសាគរ វិទ្យាល័យកំពង់ក្តី និងវិទ្យាល័យវ៉ារិន ដែលមានសិស្សចូលរួមសរុបប្រមាណ ៣០០នាក់ ដើម្បីចុះទស្សនកិច្ចសិក្សាផ្ទាល់នៅវិទ្យាស្ថាន។

ក្នុងអំឡុងពេលទស្សនកិច្ច សិស្សានុសិស្សបានចូលទស្សនារោងជាង និងកន្លែងបណ្តុះបណ្តាលតាមជំនាញនីមួយៗ ដែលមានបំពាក់ឧបករណ៍ និងបរិក្ខារបច្ចេកទេសសម្រាប់ការអនុ វត្ត។ គ្រូបច្ចេកទេសតាមជំនាញបានធ្វើបទបង្ហាញ និងពន្យល់អំពីកម្មវិធីបណ្តុះបណ្តាល របៀបសិក្សា និងជំនាញដែលមានសារៈសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ការរៀបចំឱ្យសិស្សបានចូលមើលរោងជាង និងឧបករណ៍បច្ចេកទេសដោយផ្ទាល់ បានផ្តល់ឱ្យពួកគេនូវឱកាសស្វែង យល់ថា ការសិក្សាជំនាញបច្ចេកទេសមិនត្រឹមតែផ្តោតលើទ្រឹស្តីនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអនុ វត្ត និងការបង្កើនសមត្ថភាពដែលអាចយកទៅប្រើប្រាស់នៅ កន្លែងការងារបាន។

តាមរយៈការបណ្តុះបណ្តាលបែបអនុវត្តនេះ សិស្សមានឱកា សស្គាល់ឧបករណ៍ និងបច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ព្រមទាំងយល់ដឹងកាន់តែច្បាស់អំពីលក្ខណៈការងារ និងតម្រូវការរបស់ទីផ្សារការងារ។ ការសិក្សាបែបនេះអាចជួយឱ្យសិស្សរៀបចំខ្លួនបានល្អជាងមុន មុននឹងឈានចូលទៅក្នុងពិភពការងារក្រោយបញ្ចប់ការសិក្សា។

ជាមួយគ្នានេះ ការតម្រង់ទិសវិជ្ជាជីវៈ និងការរៀបចំទស្សនកិច្ចសិក្សា ក៏ជាផ្នែកមួយនៃការជួយសិស្សថ្នាក់ទី១២ ឱ្យមានព័ត៌ មានគ្រប់គ្រាន់សម្រាប់ជ្រើសរើសជំនាញសិក្សាបន្ត ស្របតា មចំណង់ចំណូលចិត្ត សមត្ថភាព និងឱកាសការងារនាពេលអនាគត៕