វិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបានម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿង ឆ្លើយតបនឹងតំរូវការចាំបាច់របស់សិស្សានុសិស្ស !

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រគល់ LCD Projector ចំនួន ១២គ្រឿង ជូនដល់វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណគុណឯកឧត្តម សុខ គាង ដែលតែងតែជួយគាំទ្រដល់វិស័យអប់រំនៅខេត្តព្រះសីហនុ
និងបាននាំយក LCD Projector ចំនួន ១២ គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ តាមការ ស្នើសុំរបស់នាយកសាលាវិទ្យាល័យវាលរេញ ដើម្បីឆ្លើយតបនឹងតំរូវការចាំបាច់របស់សិស្សានុសិស្ស ។
ឯកឧត្តម បានមានប្រសាសន៍ថា ទោះបីនៅតាមព្រំដែនរបស់កម្ពុជា មានសង្គ្រាមបង្ករ ឡើងដោយភាគីថៃ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ស្តីអំពីការអភិវឌ្ឍ និងគុណភាពអប់រំនៅទូទាំងប្រទេស ទន្ទឹមនោះរាជរដ្ឋាភិបាលមានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ ។
ទន្ទឹមនឹងនោះ សាលាវិទ្យាល័យវាលរេញរបស់យើងនៅតែចូលរួមប្រឡង ប្រណាំងសាលាគំរូ និងបន្តកែលម្អអនាម័យបរិស្ថាន សោភ័ណភាព និងគុណភាពសិក្សាផងដែរ ដូច្នេះទាមទាការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ។