វិថីអាហារខេត្តកំពតដែលបង្កប់នូវវប្បធម៌ ប្រពៃណី ពិសេសម្ហូបអាហារនំចំណីប្រពៃណីខ្មែរដើម្បីបង្ហាញជូនភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងពេលឆាប់ៗនេះ
នៅក្នុងដំណើរចុះពិនិត្យវិថីអាហារក្រុងកំពត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្នុងបំណងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តនឹងចាប់បើកដំណើរការវិថីអាហារក្រុងកំពត ដោយអនុញ្ញាតឱ្យអាជីវករចូលលក់ដូរជាផ្លូវការនៅពេលឆាប់ៗខាងមុខ ស្របពេលដែលការសាងសង់ស្ទើរសម្រេចរួចរាល់ទាំងស្រុងហើយនោះ។ ហើយដើម្បីត្រៀមលក្ខណៈបានល្អិតល្អន់ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំនូវបញ្ជីមុខម្ហូបអាហារនំចំណីសម្រាប់ដាក់ជូនបងប្អូនអាជីវករលក់ដូរនៅវិថីអាហារនេះ ដោយផ្តោតសំខាន់លើអាហារ នំចំណី ប្រចាំតំបន់នីមួយៗរបស់ខេត្ត ហើយអាជីវករដែលចូលលក់ដូរក្នុងវិថីអាហារទាំងអស់ក៏តម្រូវឱ្យមានការស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងចំណោមម្ហូបអាហារ និងនំចំណីទាំងនោះ ក៏ត្រូវដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈជាកេរដំណែលសម្បត្តិវប្បធម៌ប្រពៃណីជាតិ ពិសេសម្ហូបចំណីជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលជាប់ប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទិនជាមួយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្ហាញភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។
ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា ការបង្កើតផ្សារវិថីអាហារមិនត្រឹមតែជាកន្លែងកម្សាន្តបន្ថែមថ្មីក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិ អមដោយការការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តក្នុងក្រុងកំពតនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់ មរតកម្ហូបអាហារពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ដែរថា វិថីអាហារខេត្តកំពតនេះ មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហានំចំណីប៉ុណ្ណោះទេ តែក៏ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ដែលបានបង្ហាញនូវគុណតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរ តាមរយៈរចនាបថអគារ និងសម្លៀកបំពាក់ ម្ហូបអាហារនំចំណីនៅក្នុងផ្សារនេះ។ អាគាររចនាបថខ្មែរនៅចំកណ្តាល អគារបេតិកភណ្ឌរាប់រយខ្នងដែលបន្សល់ពីសម័យបារាំង នឹងធ្វើឱ្យក្រុងកំពតក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសា បដិសណ្ឋារកិច្ចល្អ និងទាក់ទាញបំផុតមួយក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



