វារីអគ្គិសនីសេសានក្រោម ២ មានខ្នងប្រឡាយវែងបំផុតនៅតំបន់អាស៊ី រហូតដល់ ៦.៥ គីឡូម៉ែត្រ
ខេត្តស្ទឹងត្រែង ៖ បើតាម មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង ឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០១៨ គឺជាប្រភពថាមពលអគ្គិសនីដ៏មានអានុភាពបំផុតរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្រៅពីមានសមត្ថភាពផលិតអគ្គិសនីដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ជាប្រភពវារីអគ្គិសនីដែលខ្នងទំនប់វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដែលមានប្រវែងរហូតដល់ ៦.៥ គីឡូម៉ែត្រ។ ទំនប់នេះមានសមត្ថភាព ផលិតថាមពល រហូតដល់ ៤០០ មេហ្គាវ៉ាត់ គឺធំបំផុតក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់តួប៊ីនចំនួន ៨ ដែលក្នុងមួយតួប៊ីនមានកម្លាំង ៥០ មេហ្គាវ៉ាត់។
ដំណើរការផលិតថាមពលចេញពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានលក់ទៅឱ្យអគ្គិសនីកម្ពុជា (EDC) តាមរយៈខ្សែបញ្ជូនទៅកាន់រាជធានីភ្នំពេញ ខេត្តរតនគិរី និងបណ្តាខេត្តធំៗមួយចំនួនទៀត។ តាមរយៈគម្រោងវារីអគ្គិសនីសេសានក្រោម ២ បានជួយរួមចំណែកដល់ស្ថេរភាពថាមពល និងការបង្កើតជីវិតបៃតង តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ៕



