វត្តមានលោកប្រធានាធិបតី Trump ក្នុងកិច្ចប្រជុំកំពូល G7 នៅកាណាដាកំពុងក្លាយជាមុខព្រួញនៃកិច្ចប្រជុំទ្វេភាគីជាជាងកិច្ចប្រជុំរួម!បន្ទាប់ពីលោកធ្លាប់គំរាម ចង់បានកាណាដាជារដ្ឋទី៥១

មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗមួយចំនួននៅលើពិភពលោក បានមកដល់ទីក្រុង Rocky របស់កាណាដាហើយដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ដែលត្រូវបានធ្វើឡើងក្រោយពេលដែលស្ថានភាពរីករាលដាលនៃជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បូករួមទាំងសង្រ្គាមពាណិជ្ជកម្មមិនទាន់បានដោះស្រាយដាច់ស្រេចផងពីសំណាក់គំនាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និងការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ហាក់ដូចជាបានធ្វើឲ្យមហាអំណាចជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺជាសញ្ញាមួយបង្ហាញថាពិភពលោកកាន់តែប្រែប្រួលទៅហើយ។ នៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ លោក Trump បានប្រើសិទ្ធិវេតូរបស់អាម៉េរិកនិងបានជំទាស់លើផែនការរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) នេះបើតាមយោងតាមមន្រ្តីអាមេរិកម្នាក់បានប្រាប់មក AP ហើយនេះក៏ជាអ្វីដែលបានបង្ហាញពីកម្រិតដែលអ៊ីស្រាអែលត្រៀមខ្លួនសម្រាប់បោះទៅជំហានទៅមុខធ្វើសង្រ្គាមរបស់ខ្លួនដែរ។ ជាងនេះទៅទៀតនាយករដ្ឋមន្ត្រីកាណាដា Mark Carney ដែលជាអ្នកសម្របសម្រួលកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះបានសម្រេចមិនចេញសេចក្តីថ្លែងការណ៍រួមឡើយ (joint communique) នៅចុងបញ្ចប់នៃកិច្ចប្រជុំ មិនដូចអ្វីដែលធ្លាន់ធ្វើជារៀងរាល់ឆ្នាំនោះទេ។ ដោយសារអ្នកដឹកនាំជាតិដទៃទៀតចង់និយាយដោយផ្ទាល់ជាមួយលោក Trump ដើម្បីចរចាមិនឲ្យលោកដាក់ពន្ធបន្ថែមសម្ពាធលើការនាំចូលដែលធ្វើឲ្យកិច្ចប្រជុំនេះក្លាយទៅជាការជជែក២ភាគី ជាជាងការប្រជុំរួមគ្នា។ គួរបញ្ជាក់ថាលោកប្រធានាធិបតី Trump គឺជាកាតាលីករ ឬជាកាតដ៏សំខាន់ នៃកិច្ចប្រជុំកំពូល G7 ហើយការរំលេចចេញស្តីអំពីកិច្ចប្រជុំនានាគឺជាការគំរាមកំហែងដ៏ក្តៅគគុករបស់លោកក្នុងការធ្វើឱ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់អាម៉េរិក និងមានបំណងកាន់កាប់ដែនកោះ Greenland ផងដែរ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា