វត្តមានរូប «ប្រាសាទតាព្រហ្ម» ត្រូវបានផ្សព្វផ្សាយក្នុងរថភ្លើងសាធារណៈ ទីក្រុងមូស្គូ

ភ្នំពេញ ៖ បើតាមប្រភពពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ប្រាសាទបុរាណកណ្ដាលព្រៃរាជធានីអង្គរ ទៅកាន់បេះដូងរដ្ឋធានីមូស្គូ! វីដេអូខ្លីបង្ហាញពីសម្រស់ និងស្នាដៃស្ថាបត្យកម្មនៃ ប្រាសាទតាព្រហ្ម របស់កម្ពុជា ត្រូវបានរដ្ឋបាលក្រុងមូស្គូ ជ្រើសបង្ហាញក្នុងរថភ្លើងក្រោមដីសាធារណៈរបស់ក្រុង ដែលមានអ្នកធ្វើដំណើរប្រមាណ ៨លាននាក់ជារៀងរាល់ថ្ងៃ។

អ្នកដំណើរនៅក្នុងទីក្រុងមូស្គូ អាចទស្សនារូបភាពប្រាសាទតាព្រហ្ម ដែលជាស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្បីល្បាញ ព្រមទាំងចម្លាក់អប្សរា រុក្ខជាតិដែលរួមបញ្ចូលជាមួយសំណង់ប្រាសាទ និងចម្លាក់ដ៏មានអត្ថន័យផ្សេងៗ ដែលបង្ហាញពីភាពលេចធ្លោនៃសិល្បៈ និងវប្បធម៌ខ្មែរ។ រូបភាពនៃប្រាសាទតាព្រហ្ម និងសិល្បៈខ្មែរ កំពុងមានឱកាសបង្ហាញខ្លួននៅចំពោះមុខអ្នកធ្វើដំណើរជាច្រើនលាននាក់ ក្នុងរដ្ឋធានីមូស្គូ។

ការបង្ហាញវីដេអូនេះក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់មូស្គូ ក៏ជាឱកាសមួយដែលធ្វើឱ្យរូបភាពប្រាសាទបុរាណរបស់កម្ពុជា អាចទៅដល់ទស្សនិកជនអន្តរជាតិយ៉ាងទូលំទូលាយ ជាពិសេសនៅក្នុងទីក្រុងដែលមានប្រព័ន្ធរថភ្លើងក្រោមដីមមាញឹកមួយនេះ។

បើយោងតាមទិន្នន័យពីរដ្ឋបាលក្រុងមូស្គូ រថភ្លើងក្រោមដីសាធារណៈក្រុងមូស្គូ មានចំនួន ១៦ខ្សែ ២៧៨ ស្ថានីយ៍ និងមានអ្នកដំណើរដំណើរប្រមាណ ៨លាននាក់ជារៀងរាល់ថ្ងៃ៕