ខេត្តព្រះសីហនុ ៖ យោងតាមកិច្ចប្រជុំប្រចាំខែតុលាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនិងសុវត្ថិភាពការដ្ឋានសាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ នៃកំពង់ផែក្រុងព្រះសីហនុ វឌ្ឍនភាពការងារសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុសម្រេចបាន ៤៧,៩០% នៃផែនការគ្រោងទុក។
ឯកឧត្តម ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំប្រចាំខែតុលា ដើម្បីតាមដានត្រួតពិនិត្យពីដំណើរការសាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។
ប្រភពពីមន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតរហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី ១ សម្រេចបាន ៤៧,៩០% ខណៈតាមផែនការគ្រោងបញ្ចប់នៅឆ្នាំ ២០២៨។ រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលកំពុងដំណើរការសាងសង់មានជម្រៅទឹក ១៤,៥ ម៉ែត្រ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលអាចឱ្យនាវាប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតបាន។ ចំណែកចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីកតាមដំណាក់កាលបន្តបន្ទាប់ ដែលក្រោយបញ្ចប់ទាំង ៣ ដំណាក់កាល ទំនិញពីកម្ពុជាអាចដឹកចេញដោយផ្ទាល់ទៅបណ្តាកំពង់ផែនៅតំបន់អឺរ៉ុបនិងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែបណ្តាប្រទេសនៅក្នុងតំបន់ទៀតឡើយ។
សមាគមដឹកជញ្ជូនក៏មើលឃើញពីតម្លៃនៃការអភិវឌ្ឍសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ធ្វើឱ្យកម្ពុជាមានឯករាជ្យភាព និងលើកកម្ពស់ការប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត។
បច្ចុប្បន្នការដឹកជញ្ជូននៅកម្ពុជាមានតម្លៃខ្ពស់ ដោយសារទំនិញដឹកចេញចូលប្រទេសកម្ពុជាត្រូវឆ្លងកាត់ការលើកដាក់នៅកំពង់ផែប្រទេសទី ៣ ដែលនេះបង្កើនកញ្ចប់ចំណាយលើថ្លៃដឹកជញ្ជូនសម្រាប់ទំនិញចេញចូលកម្ពុជា។
តាមរយៈការអភិវឌ្ឍកំពង់ផែទឹកជ្រៅថ្មីរបស់រដ្ឋាភិបាល ដែលគ្រោងចំណាយថវិការហូតដល់ទៅជិត ១ ពាន់លានដុល្លារអាមេរិក លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា នឹងអាចពង្រីកសមត្ថភាពការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពសកម្ម ឆ្លើយតបកំណើនសេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់ប្រទេសកម្ពុជា៕



