វឌ្ឍនភាពការងារព្រំដែន៖ កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្នបាន ៣៩ បង្គោល ចន្លោះបង្គោលលេខ ៤២-៤៣

(ទទក) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥
មន្ត្រីនៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃនេះ បានផ្តល់របាយការណ៍វឌ្ឍនភាពថ្មីស្តីពីការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២ ដល់ ៤៧។

១. ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥៖

ក្រុមវាស់វែងចម្រុះ នៃភាគីកម្ពុជា និងភាគីថៃ បានអនុវត្តការងារ វាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែង។
ទីតាំងអនុវត្តន៍: កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ (ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ)។

លទ្ធផល: ក្រុមការងារបានបោះបង្គោលបណ្តោះអាសន្នបានចំនួន ៣៩ បង្គោល លើចំនួនសរុប ២៧៧ បង្គោលបណ្តោះអាសន្ន ដែលត្រូវអនុវត្តនៅក្នុងកំណាត់ខ្សែនេះ។

២. ការងារបច្ចេកទេសបង្កើតផែនទី (១៩ ដល់ ២៧ វិច្ឆិកា)
ការថតរូបពីលើអាកាស: ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានបញ្ចប់ទាំងស្រុងការងារ ថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧ គីឡូម៉ែត្រ។

ការរៀបចំទិន្នន័យ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើត ផែនទីរូបថត (Photomap) សម្រាប់ប្រើប្រាស់ជាមូលដ្ឋានបច្ចេកទេស។

ការងារនេះដំណើរការទៅមុខយ៉ាងរលូន និងមានការសហការល្អរវាងភាគីទាំងពីរ ដើម្បីឈានទៅរកការបោះបង្គោលព្រំដែនជាស្ថាពរ។