វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ស្តីពី “Strengthening Capacity in Legal System Reform in Cambodia” បានបញ្ចប់ប្រកបដោយជោគជ័យ

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គ
បណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមក្នងវគ្គបណ្តុះបណ្តាល ស្តីពី “Strengthening Capacity in Legal System Reform in Cambodia” ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺថ្ងៃទី២៣, ២៤, ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមកម្មវិធី និងផែនការដែលបានកំណត់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពស្ថាប័ន ដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើងជាបន្តបន្ទាប់។

ខ្លឹមសារបណ្តុះបណ្តាលបានផ្តោតសំខាន់លើការតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាន និងវាយតម្លៃប្រសិទ្ធភាពច្បាប់ យន្តការដោះស្រាយវិវាទ និងការធានាសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី។

ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងសុន្ទរកថាបិទវគ្គ ដោយលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិជ្ជាជីវៈ ក្នុងបរិបទនៃការកែទម្រង់ប្រព័ន្ធច្បាប់ឱ្យសមស្របនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ កម្មវិធីនេះទទួលបានជោគជ័យ ព្រោះវាឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់កម្ពុជា។ សំខាន់ជាងនេះទៅទៀត ចំណេះដឹង និងជំនាញដែលទទួលបានក្នុងរយៈពេលបួនថ្ងៃនេះ នឹងត្រូវយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ សម្រាប់គណៈកម្មាធិការកែទម្រង់ច្បាប់ និងក្រុមប្រឹក្សាអ្នកច្បាប់ ជាស្ថាប័នសំខាន់ក្នុងការកែទម្រង់ច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងទីស្តីការគណៈរដ្ឋមន្ត្រី។

ចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា បានបញ្ជាក់បន្ថែមថាមូលហេតុសំខាន់មួយទៀតនៃភាពជោគជ័យ គឺកិច្ចសហការដ៏រឹងមាំរវាងភាគីពាក់ព័ន្ធ ដោយគិតពីការចាប់ផ្តើមរហូតដល់ចប់វគ្គបណ្តុះបណ្តាល យើងសង្កេតឃើញថាកិច្ចសហការដ៏មានប្រសិទ្ធភាពរវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កម្មវិធី Australia Awards Cambodia និងសាកលវិទ្យាល័យជាតិអូស្ត្រាលី បានផ្តល់ការសម្របសម្រួល និងការរៀបចំ បានប្រព្រឹត្តទៅយ៉ាងរលូន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃការបណ្តុះបណ្តាលនេះ។
គួរបញ្ជាក់ផងដែរថា លោកជំទាវ Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានថ្លែងមតិសំណេះសំណាល ដោយបញ្ជាក់ពីការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តម និងលោកជំទាវ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលនេះជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អ្នកជំនាញច្បាប់ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីពាក់ព័ន្ធ ៕