លោក Zelenskyy បញ្ជាក់ថាកិច្ចចរចារបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី មិនបានសម្រេចទេ! ព្រោះរុស្ស៊ីកំណត់លក្ខខណ្ឌច្រើនពេក ដូច្នេះលោកចង់ជួបផ្ទាល់ជាមួយលោក Putin តែម្តង!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធនេះថា សំណើរបស់រុស្ស៊ីសម្រាប់ការបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសរបស់លោកគឺមិនអាចសម្រេចបានទេ ហើយលោកបានអំពាវនាវជាថ្មីម្តងទៀតឱ្យមានការចរចាទល់មុខគ្នាជាមួយនឹងមេដឹកនាំរុស្ស៊ីលោក Vladimir Putin តែម្តង។ កាលពីថ្ងៃច័ន្ទរុស្ស៊ីបានបង្ហាញ “អនុស្សរណៈ” ដល់អ៊ុយក្រែនដោយកំណត់លក្ខខណ្ឌរបស់ខ្លួនសម្រាប់បទឈប់បាញ់ ក៏ដូចជាគោលការណ៍ណែនាំសំខាន់ៗសម្រាប់សន្ធិសញ្ញាទូលំទូលាយមួយចំនួនដើម្បីបញ្ចប់ជម្លោះនៅក្នុងជុំទីពីរនៃកិច្ចចរចាសន្តិភាពផ្ទាល់របស់ពួកគេក្នុងរយៈពេលតែជាងពីរសប្តាហ៍ប៉ុណ្ណោះ។ វារួមបញ្ចូលទាំងការទាមទារជាច្រើនដែលអ៊ុយក្រែនបាននិយាយពីមុនថាមិនមែនជាការចាប់ផ្តើមបញ្ចប់សង្រ្គាមនោះទេ។ លោក Zelenskyy បានអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី នៅមុនកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានជាមួយលោក Putin ដែលអាចរួមមានទាំងប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ឧបសគ្គចំពោះដំណោះស្រាយស្វែងរកសន្តិភាព។ សហរដ្ឋអាមេរិកបានដឹកនាំនិងជំរុញការងារការទូតនាពេលថ្មីៗនេះ ដើម្បីបញ្ឈប់សង្គ្រាមផងដែរ។ លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថា “ប្រសិនបើយើងពិតជានឹងមានបទឈប់បាញ់មួយ ខ្ញុំគិតថាវាមានន័យខ្លាំងដែរនៅចំពោះមុខមេដឹកនាំនានា និងជាស្មារតីសំខាន់នៃកិច្ចប្រជុំដែលយើងអាចនិយាយគ្នាបានអំពីសន្តិភាព ឬក៏យើងនៅតែចាប់ផ្តើមពិភាក្សាពីសង្គ្រាមដដែលនោះ ។ លោក Zelenskyy បាននិយាយថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីជួបមេដឹកនាំរុស្ស៊ីនៅពេលណាក៏បានចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៅ នៅឯទីកន្លែងនានាដូចជាទីក្រុងអ៊ីស្តង់ប៊ុល បុរីវ៉ាទីកង់ ឬប្រទេសស្វីសក៏បាន។ កិច្ចចរចាសន្តិភាពជុំទីពីរកាលពីថ្ងៃច័ន្ទ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល មានរយៈពេលជាងមួយម៉ោង ហើយក៏គ្មានការរីកចម្រើនអ្វីលើការបញ្ចប់សង្រ្គាមនោះដែរ។ ពួកគេត្រឹមតែបានយល់ព្រមគ្នាដោះដូរទាហានដែលស្លាប់ និងរបួសធ្ងន់រាប់ពាន់នាក់ប៉ុណ្ណោះ។ លោក Zelenskyy បាននិយាយផងដែរថា ការដោះដូរអ្នកទោសថ្មីជាមួយរុស្ស៊ីអាចធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែមិថុនានេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ