លោក Trump ហៅរដ្ឋអ៊ីរ៉ង់ថាជាអ្នកចរចាមិនល្អ ប៉ុន្តែពួកគេចង់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះណាស់ មុនពេលដែលមានកិច្ចចរចានៅទីក្រុងហ្សឺណែវ

រដ្ឋបាលលោក Trump កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងធានាថាវាមិនមែនជាការអភិវឌ្ឍត្រឹមអាវុធនុយក្លេអ៊ែរនោះទេ។ អ្នកការទូតកំពូលរបស់អ៊ីរ៉ង់បានជួបជាមួយប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ មុនពេលការចរចាជុំទី២ជាមួយសហរដ្ឋអាមេរិកទៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ដែរ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅយប់ថ្ងៃចន្ទពីលើយន្តហោះ Air Force One ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយអំពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា «ខ្ញុំនឹងចូលរួមក្នុងកិច្ចចរចានោះ – ជាលក្ខណៈដោយប្រយោល – ហើយសម្រាប់ពួកគេគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងនឹងឃើញអ្វីមួយដែលអាចកើតឡើងផងដែរ។ «ជាធម្មតា អ៊ីរ៉ង់ជាអ្នកចរចាដ៏លំបាកម្នាក់» លោកបាននិយាយដោយពណ៌នាពីដំបូងថាអ៊ីរ៉ង់ជា «អ្នកចរចាល្អ» ក្រោយមកលោកបានកែតម្រូវវាដោយខ្លួនឯងដែរ។ «ខ្ញុំចង់និយាយថា ពួកគេជាអ្នកចរចាមិនល្អ ទេ ពីព្រោះយើងអាចមានកិច្ចព្រមព្រៀងជំនួសឱ្យការបញ្ជូន B2s ចូលដើម្បីបំផ្លាញសក្តានុពលនុយក្លេអ៊ែររបស់ពួកគេបាន ហើយយើងត្រូវបញ្ជូន B2s នោះ។ ខ្ញុំសង្ឃឹមថាពួកគេនឹងមានហេតុផលសមជាងនេះ»។ លោក Trump បានបន្ថែមថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយនោះណាស់។ ខ្ញុំមិនគិតថាពួកគេ ចង់បានផលវិបាកពីការមិនធ្វើកិច្ចព្រមព្រៀងនោះទេ”។ នៅថ្ងៃអាទិត្យអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហាញសញ្ញាថា ទីក្រុងតេអេរ៉ង់អាចបើកចំហសម្រាប់ការសម្របសម្រួលលើបញ្ហានុយក្លេអ៊ែរ ប៉ុន្តែកំពុងស្វែងរកការបន្ធូរបន្ថយការដាក់ទណ្ឌកម្មអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកដែរ។ ចំណែកប្រទេសអូម៉ង់ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានេះដោយប្រយោលដែរ កាលពីជុំទី១រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី៦ ខែកុម្ភៈ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ