លោក Trump ទុកពេលឱ្យអ៊ីរ៉ង់ដល់ថ្ងៃអង្គារនេះដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ! ខណៈអ៊ីរ៉ង់ត្រៀមកំរាមកំហែងបិទច្រកសមុទ្រ Bab el-Mandeb មួយផ្សេងទៀតជាផ្លូវទឹកដឹកជញ្ជូនប្រេងសកល១ភាគ៤

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងយ៉ាងខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រសិនបើពួកគេមិនព្រមបើកច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យនេះ ដោយបញ្ជាក់ថាថ្ងៃអង្គារនេះគឺជាថ្ងៃផុតកំណត់ថ្ងៃរបស់លោកហើយ បន្ទាប់ពីកងកម្លាំងអាមេរិកបានជួយសង្គ្រោះអ្នកបើកបរយន្តហោះដែលរងរបួសម្នាក់ ដែលយន្តហោះនោះត្រូវ បានអ៊ីរ៉ង់បាញ់ទម្លាក់ពីក្រោយខ្សែប្រយុទ្ធសត្រូវ។ សម្រាប់អាម៉េរិក អ៊ីរ៉ង់គឺជារដ្ឋដ៏រឹងរូសបានវាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអារ៉ាប់ជិតខាងនៃឈូងសមុទ្រ និងបានគំរាមកំហែងរឹតបន្តឹងផ្លូវទឹកក្នុងតំបន់មួយផ្សេងទៀតដែលប្រើប្រាស់យ៉ាងសកម្មដែរ គឺច្រកសមុទ្រ Bab el-Mandeb នៅឯឧបទ្វីបអារ៉ាប់។ ចាប់តាំងពីការបិទច្រកសមុទ្រ Hormuz មកប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជូនប្រេងឆៅរាប់លានបារ៉ែលក្នុងមួយថ្ងៃៗតាមរយៈច្រកសមុទ្រ Bab el-Mandeb។ វាគឺជាច្រកសមុទ្រដែលមានទទឹងប្រវែង៣២គីឡូម៉ែត្រ នេះគឺជាច្រកសមុទ្រមួយក្នុងចំណោមច្រកសមុទ្រដែលមមាញឹកបំផុតសម្រាប់ការជួញដូរប្រេងសកល។ ១ភាគ៤នៃការជួញដូរកុងតឺន័រសកលក៏ត្រូវឆ្លងកាត់ច្រកសមុទ្រនេះដែរ ទាំងនៅតាមផ្លូវទឹកទៅមក និងមកពីព្រែកជីក Suez ផងដែរ។ វាបានភ្ជាប់ពីសមុទ្រក្រហមទៅឈូងសមុទ្រ Aden និងសមុទ្រអារ៉ាប់។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ពួក Houthis អាចចាប់ផ្តើមវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហមនាពេលបច្ចុប្បន្ននេះ ដែលពួកគេបានបញ្រ្ជៀបខ្លួនចូលរួមក្នុងសង្គ្រាមនេះ។ ចលនាបែបនេះនឹងរំខានដល់ឧស្សាហកម្មសមុទ្រ និងសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត។ ដោយវានឹងរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រក Bab al-Madab បង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនដឹកជញ្ជូនផ្លូវទឹករបស់ពួកគេត្រូវស្ថិតនៅជុំវិញតំបន់ Cape of Good Hope ដូចដែលពួកគេធ្លាប់បានធ្វើនៅឆ្នាំ ២០២៤ និង ២០២៥ ដែលបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួក Houthi បាននិយាយថាពួកគេនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រើប្រាស់សមុទ្រក្រហមសម្រាប់ផែនការវាយប្រហារលើរដ្ឋអ៊ីរ៉ង់នោះទេ។ ពួក Houthi គឺជាផ្នែកមួយនៃអ្វីដែលគេហៅថា “អ័ក្សតស៊ូ” របស់រដ្ឋអ៊ីរ៉ង់ ដែលរួមមានក្រុមសកម្មប្រយុទ្ធនៅលីបង់ អ៊ីរ៉ាក់ និងទឹកដីប៉ាឡេស្ទីន។ ពួកគេគ្រប់គ្រងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន និងភាគខាងជើងភាគច្រើននៃប្រទេសនេះ ហើយចាប់តាំងពីឆ្នាំ ២០១៤ មក ពួកគេបានប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលប្រឆាំងនឹងរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ ដែលគាំទ្រដោយសម្ព័ន្ធមិត្តដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ