លោក Trump ថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ថា៖ អ្វីៗដែលនៅសេសសល់គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកខ្លួនឯងទេ! អ្នកចង់ដាក់អាវុធចុះ ឬ ចង់បន្តឃើញមនុស្សស្លាប់ច្រើនជាងនេះ……

នៅក្នុងរូបភាពវីដេអូមួយដែលលោកប្រធានាធិបតីអាម៉េរិកបានបង្ហោះកាលពីថ្ងៃអាទិត្យដោយលោកបានភ្ជាប់បញ្ជាក់ថា «របបអ៊ីរ៉ង់ដែលប្រដាប់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរ នឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនជាតិអាមេរិកាំងគ្រប់រូប»។ លោក Trump បានកត់សម្គាល់ថា ប្រតិបត្តិការដែលធ្វើឡើងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺជា «កាតព្វកិច្ច និងជាបន្ទុករបស់ខ្លួន សម្រាប់ស្វែងរកសេរីភាពឲ្យប្រជាជនវិញ»។ លោកបាននិយាយម្តងទៀតអំពីការអំពាវនាវរបស់លោកសម្រាប់យោធាអ៊ីរ៉ង់ថា «សូមដាក់អាវុធរបស់អ្នកចុះ ហើយអ្នកទទួលបានអភ័យឯកសិទ្ធិពេញលេញ ឬចង់ប្រឈមមុខនឹងការស្លាប់ក្នុងចំនួនដ៏ជាក់លាក់មួយ»។ លោកបាននិយាយថា «អ្វីៗដែលនៅសល់នឹងអាស្រ័យទៅលើអ្នកខ្លួនឯង យើងនឹងនៅទីនោះដើម្បីជួយអ្នក»។ ទាំងនេះវាបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរួមដៃគ្នាវាយប្រហារគោលដៅនានាទូទាំងប្រទេសអ៊ីរ៉ង់នៅថ្ងៃអាទិត្យ ដោយទម្លាក់គ្រាប់បែកដ៏ធំសម្បើមផងមកលើទីតាំងមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ និងបំផ្លាញនាវាចម្បាំង៩គ្រឿងដែលលោក Trump អះអាង ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាកាន់តែខ្លាំងក្លាឡើងៗ បន្ទាប់ពីពួកគេបានវាយប្រហារចំគោលដៅ ដោយសម្លាប់មេដឹកនាំកំពូលរបស់រដ្ឋអ៊ីរ៉ង់ ដែលពួកគេចាត់ទុកដូចជាព្រះជាម្ចាស់របស់ពួកគេដែរ គឺលោក Ayatollah Ali Khamenei។ សម្លេងផ្ទុះក្នុងប្រទេសបានធ្វើឱ្យបង្អួចផ្ទះនិងអគារនានាទូទាំងប្រទេសរំញ័រ និងបង្ហុយផ្សែងខ្មួរខ្មាញ់ទៅលើផ្ទៃមេឃនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់បាននិយាយថា មនុស្សជាង ២០០ នាក់ត្រូវស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដែលសំដៅសម្លាប់មេដឹកនាំកំពូល Khamenei និងមេដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់អ៊ីរង់ដែរ។ ចាប់ពីម្សិលមិញអ៊ីរ៉ង់បានសន្យាសងសឹក ដោយបាញ់មីស៊ីលទៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់នៅឈូងសមុទ្រអារ៉ាប់ ដើម្បីវាយបកវិញ បើទោះបីជាខ្លួនប្រកាសថានឹងកាន់ទុក្ខមេដឹកនាំកំពូលរបស់ពួកគេចំនួន៤០ថ្ងៃ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (ISNA) បានរាយការណ៍ថា លោក Ayatollah Arafa ត្រូវបានតែងតាំងជាសមាជិកអ្នកច្បាប់នៃក្រុមប្រឹក្សាថ្នាក់ដឹកនាំរដ្ឋអ៊ីរ៉ង់បណ្ដោះអាសន្ន និងក្រុមប្រឹក្សានេះរួមមានលោកប្រធានាធិបតី Masoud Pezeshkian និងប្រធានតុលាការ Gholamhossein Mohseni Ejei ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើឱ្យរបបនេះមានស្ថិរភាពឡើងវិញដែរ។ មកដល់ពេលនេះយោធាអាមេរិកបាននិយាយថា សង្រ្គាមរបស់ពួកគេបានបណ្តាលឲ្យស្លាប់ទាហានអាម៉េរិកយ៉ាងហោចណាស់៣នាក់ប៉ុណ្ណោះនៅក្នុងជម្លោះលើកនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ