លោក Putin ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រនុយក្លេអ៊ែរនៅវៀតណាម! និងដើម្បីជម្រុញវៀតណាមក្លាយជាប្រទេសសេដ្ឋកិច្ចខ្លានៅឆ្នាំ២០៥០
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ឈីញ នៅទីក្រុងមូស្គូ កាលពីថ្ងៃពុននេះ (ម៉ោងនៅរ៉ុស្ស៊ី)។ លោក Putin បានថ្លែងសរសើរពីទំនាក់ទំនងទ្វេភាគី ដោយហៅវៀតណាមថា«ជាដៃគូដែលអាចទុកចិត្តបាន និងជាមិត្តពិតប្រាកដ»។ កាលពីដើមសប្តាហ៍នេះដែរ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងស្ទុះងើបឡើងវិញនូវផែនការនុយក្លេអ៊ែររបស់ខ្លួន ដោយមានក្តីសង្ឃឹមលើការជំរុញសន្តិសុខថាមពល ខណៈដែលវាក៏អាចកាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ដែរ។ កិច្ចព្រមព្រៀងសម្រាប់រោងចក្រ Ninh Thuan one ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានធ្វើឡើង បន្ទាប់ពីគម្រោងស្រដៀងគ្នាចំនួន២ទៀត ត្រូវបានផ្អាកកាលពីឆ្នាំ ២០១៦ ដោយសារតែការកើនឡើងនៃតម្លៃដើម និងបញ្ហាសុវត្ថិភាព។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទរវាងនាយករដ្ឋមន្ត្រី ផាម មិញ ឈីញ និងសមភាគីរុស្ស៊ីរបស់លោក Putin គឺលោក Mikhail Mishustin។ ប្រទេសទាំងពីរបានពិពណ៌នាអំពីរោងចក្រនេះថាជា «គម្រោងនិមិត្តរូប» នៃមិត្តភាពរបស់ពួកគេ នេះបើយោងតាមកាសែតរដ្ឋាភិបាលផ្លូវការរបស់វៀតណាម។ រោងចក្រថ្មីនេះក៏សមស្របនឹងមហិច្ឆតារបស់វៀតណាមផងដែរ ដើម្បីក្លាយខ្លួនជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដោយការរីកចម្រើនទៅជាប្រទេស «សេដ្ឋកិច្ចខ្លា» បន្ទាប់របស់អាស៊ី។ កិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់ពីផែនការសាងសង់រ៉េអាក់ទ័រចំនួនពីរដែលរចនាដោយរុស្ស៊ីផ្ទាល់ ដែលវាមានសមត្ថភាពរួមបញ្ចូលគ្នានូវកម្រិតចំនួន២៤០០មេហ្គាវ៉ាត់ ដែលពឹងផ្អែកលើរោងចក្រដែលមានស្រាប់នៅក្នុងប្រទេសរុស្ស៊ីដូចគ្នា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



