លោក Maduro បានអះអាងនៅចំពោះមុខតុលាការក្រុង New Yorkថា «ខ្ញុំគ្មានកំហុស និងគ្មានទោសអ្វីទាំងអស់» ខណៈដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិកំពុងហក់ឡើងខ្ពស់

ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ បានអះអាងថាលោកមិនមានទោសចំពោះការចោទប្រកាន់ទាំងអស់របស់សហរដ្ឋអាមេរិកនោះទេ អំឡុងពេលដែលលោកបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅទីក្រុងញូវយ៉ក។ លោកម៉ាឌូរ៉ូ បានប្រាប់តុលាការថា “ខ្ញុំគ្មានកំហុស ហើយខ្ញុំគ្មានទោសអ្វីនោះដែរ”។ ដោយលោកបានបន្ថែមថា៖ លោកត្រូវបាន “ចាប់ពង្រត់ទាំងគឃ្លើន ” នៅផ្ទះរបស់ខ្លួនឯងនៅទីក្រុងការ៉ាកាស ហើយលោកសង្កត់ធ្ងន់ថា លោកនៅតែជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាដដែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបន្ទប់សវនាការចេញពីអាម៉េរិក។ ភរិយារបស់លោកម៉ាឌូរ៉ូ គឺលោកស្រី ស៊ីលៀយ៉ា ហ្វ្លរេស បាននិយាយនៅតុលាការទៀតថា លោកស្រីគ្មានទោសចំពោះការចោទប្រកាន់ដែលសហរដ្ឋអាមេរិកលើកឡើងទាំងស្រុងនោះទេ។ សវនាការបន្ទាប់លើសំណុំរឿងប្រឆាំងនឹងលោកម៉ាឌូរ៉ូ នឹងត្រូវបន្តគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ។ ក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការបានស្រែកពាក្យស្លោកតវ៉ានានា និងកាន់បដាដែលសរសេរពាក្យថា “ដោះលែងលោកម៉ាឌូរ៉ូទៅៗ” “គ្មានសង្គ្រាមលើប្រទេសវេណេស៊ុយអេឡានោះទេ” និងពាក្យថា “សហរដ្ឋអាមេរិកមិនព្រមដោះលែងប្រទេសវេណេស៊ុយអេឡាជាដើម”។ សូមរំលឹកថានៅព្រឹកព្រលឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កងកម្លាំងយោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ និងទម្លាក់គ្រាប់បែកនៅទីក្រុងការ៉ាកាស និងតំបន់ផ្សេងទៀតនៃប្រទេសវេណេស៊ុយអេឡា ហើយបានចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយារបស់លោកដោយកម្លាំងយោធាតែម្តង មុនពេលដែលយោធាបញ្ជូនពួកគាត់ទៅក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង បង្កឱ្យមានការចេញលិខិតថ្កោលទោស អំពាវនាវសព្វបែបយ៉ាង និង ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាពនៅទូទាំងពិភពលោកជាដើម។ ស្របពេលដែលមានបញ្ហាប្រឈមលើភូមិសាស្រ្តនយោបាយនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា ទល់នឹងការព្រួយបារម្ភជាបន្តបន្ទាប់អំពីការផ្គត់ផ្គង់លើសពិភពលោកស្រាប់តែតម្លៃប្រេងក៏ឡើងថ្លៃខ្ពស់ដែរ ដោយប្រេង West Texas Intermediate សម្រាប់ចែកចាយខែកុម្ភៈបានកើនឡើងមួយដុល្លារអាមេរិក ឬស្មើនឹង ១.៧៤ភាគរយ ដោយក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុនញូវយ៉កមានតម្លៃរហូតដល់៥៨.៣២ដុល្លារ។ ចំណែកប្រេងឆៅ Brent សម្រាប់ចែកចាយខែមីនាវិញបានកើនឡើងក្នុងតម្លៃ ១.០១ ដុល្លារអាម៉េរិក ឬស្មើនឹង ១.៦៦ ភាគរយ ដោយក្នុង មួយបារ៉ែលនៅលើផ្សារហ៊ុន ICE Futures ទីក្រុងឡុងដ៍ គឺមានតម្លៃរហូតដល់៦១.៧៦ដុល្លារឯណោះ ខណៈដែលប្រតិបត្តិករទីផ្សារភាគហ៊ុនកំពុងតាមដានយ៉ាងដិតដល់នូវផលវិបាកលើបញ្ហាប្រេងក្រោយពីការវាយឆ្មក់របស់សហរដ្ឋអាមេរិកនិងចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក Nicolas Maduro៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ