លោក Macron ចេញមកថ្កោលទោសចំពោះ «ច្បាប់របស់អ្នកខ្លាំងបំផុត» ចំពេលសហរដ្ឋអាមេរិកចង់បានកោះ Greenland មកគ្រប់គ្រង និងយក កាណាដាជារដ្ឋទី៥១ របស់ខ្លួន
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញមុខផ្តល់សុន្ទរកថានិងបានថ្កោលទោសចំពោះ «ច្បាប់របស់អ្នកខ្លាំងបំផុត» ដែលកំពុងទាក់ទាញមនុស្សឱ្យ «ឆ្ងល់ថាតើ Greenland នឹងត្រូវបានឈ្លានពានឬអត់» ទៅកាន់ឯកអគ្គរដ្ឋទូតបារាំងនៅវិមានប្រធានាធិបតី Elysee។
លោក Macron បាននិយាយថា «វាជាភាពចលាចលដ៏ធំបំផុត ច្បាប់របស់អ្នកខ្លាំងបំផុត ហើយមនុស្សរស់នៅប្រចាំថ្ងៃឆ្ងល់ថាតើ Greenland នឹងត្រូវបានឈ្លានពានឬអត់ ហើយថាតើកាណាដានឹងស្ថិតនៅក្រោមការគំរាមកំហែងដើម្បីក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក ឬថាតើតៃវ៉ាន់នឹងត្រូវឡោមព័ទ្ធបន្ថែមទៀតឬអត់ទេ»។ នៅក្នុងសុន្ទរកថារបស់លោក លោក Macron បាននិយាយទៀតថា ពិភពលោកកំពុង «ស្ថិតក្នុងដំណើរការខុសប្រក្រតី» ជាមួយនឹងពហុភាគីនិយមដែលមានប្រសិទ្ធភាពតិចជាងមុនទៅវិញ។ លោកបានបង្ហាញសញ្ញាដល់សហរដ្ឋអាមេរិកចំពោះការគំរាមកំហែងថ្មីៗដែលរដ្ឋបាលលោក Trump បានធ្វើចំពោះកោះ Greenland ដែលជាកោះពាក់កណ្តាលស្វយ័តដែលគ្រប់គ្រងដោយប្រទេសដាណឺម៉ាក និងជាសម្ព័ន្ធមិត្តណាតូរបស់សហរដ្ឋអាមេរិកដែរ។ លោក Macron បាននិយាយថា «សហរដ្ឋអាមេរិកគឺជាមហាអំណាចដែលបានបង្កើតឡើង ប៉ុន្តែជាមហាអំណាចមួយដែលកំពុងងាកចេញពីសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួនបន្តិចម្តងៗ ហើយដោះលែងខ្លួនឯងចេញពីច្បាប់អន្តរជាតិដែលខ្លួននៅតែលើកកម្ពស់រហូតមកដល់ពេលថ្មីៗនេះ មិនថាក្នុងវិស័យពាណិជ្ជកម្ម បញ្ហាសន្តិសុខមួយចំនួន ឬវេទិកាមួយចំនួននោះទេ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ



