លោក Donald Trump អះអាងរឿងសំងាត់នៅចំពោះមុខអ្នកសារព័ត៌មានថា៖ លោកបានទទួលអំណោយដ៏មានតម្លៃសន្ធឹកសន្ធាប់មួយពីអ៊ីរ៉ង់ ប៉ុន្តែលោកមិនបញ្ជាក់ថាវាជាអ្វីនោះទេ

ប្រធានាធិបតី Donald Trump បានអះអាងដោយសម្ងាត់កាលពីថ្ងៃអង្គារនេះថា លោកបានទទួលអំណោយមួយពីរដ្ឋអ៊ីរ៉ង់ «ដែលមានតម្លៃច្រើនសន្ធឹកសន្ធាប់» ដោយលោកបានប្រាប់អ្នកយកព័ត៌មានបន្ថែមទៀតថា អំណោយនោះបានបង្ហាញដល់លោកថា «យើងកំពុងនិយាយជាមួយមនុស្សដ៏ត្រឹមត្រូវម្នាក់»។ លោក Trump មិនព្រមនិយាយថា អំណោយនោះជាអ្វីនោះទេ គ្រាន់តែលោកប្រាប់ថា«វាទាក់ទងនឹងប្រេង និងឧស្ម័នដែរ» ដោយវាមានសារៈសំខាន់ខ្លាំងណាស់។ លោក Trump បាននិយាយទៅកាន់អ្នកយកព័ត៌មានបែបនេះនៅក្នុងការិយាល័យ Oval របស់លោក និងបញ្ជាក់ថា «ពួកគេបានផ្តល់អំណោយមួយដល់យើង»។ ប៉ុន្តែ «ខ្ញុំមិនប្រាប់អ្នកថា អំណោយនោះជាអ្វីនោះទេ ប៉ុន្តែវាជារង្វាន់ដ៏សំខាន់មួយ»។ នៅពេលដែលគេសួរថាតើលោកទុកចិត្តលើជនជាតិអ៊ីរ៉ង់ឬទេ? នៅពេលដែលពួកគេនិយាយថាកំពុងចរចាជាមួយអ្នកតំណាងសហរដ្ឋអាមេរិកដែរនោះឬ? ភ្លាមៗលោក Trump បាននិយាយថា៖ លោកមិនទុកចិត្តនរណាម្នាក់ទេ ប៉ុន្តែលោកបានសំដៅទៅលើការទទួលបាន «អំណោយពិសេសពីអ៊ីរ៉ង់» ដែលលោកបានណែនាំថា «យើងកំពុងដោះស្រាយបញ្ហាជាមួយមនុស្សដ៏ត្រឹមត្រូវម្នាក់»។ ប្រធានាធិបតីរូបនេះក៏បាននិយាយផងដែរថា«ឥឡូវនេះសហរដ្ឋអាមេរិកកំពុងចរចាគ្នាហើយ» ហើយលោកនិយាយថា បេសកជនរបស់រដ្ឋការអាម៉េរិក គឺលោក Steve Witkoff និងកូនប្រសាររបស់លោកដែលមានឈ្មោះថា Jared Kushner ក៏បានចូលរួមក្នុងកិច្ចចរចានោះដែរ រួមជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio និងអនុប្រធានាធិបតី JD Vance។ លោក Trump បានមានប្រសាសន៍ទៀតថា «យើងមានមនុស្សមួយចំនួនទៀតក៏កំពុងធ្វើការងារនេះដែរ» ហើយលោកថា « ភាគីម្ខាងទៀតពួកគេក៏ចង់ធ្វើកិច្ចព្រមព្រៀងមួយជាមួយពួកយើងដែរ»៕

សម្រួលអត្ថបទ៖សុផារិន្ទ