លោក Donald Trump បើកភ្លើងខៀវចំពោះអ្នកចង់មកទស្សនា FIFA World Cup 2026 នៅអាម៉េរិកអាចស្នើសុំវីសា «FIFA pass » បានកាន់តែលឿនជាងមុន
រដ្ឋបាលលោក Trump កំពុងប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយសម្រាប់ជនបរទេសដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំក្រោយ ដែលនឹងអនុញ្ញាតឱ្យពួកគេទទួលបានការសម្ភាសន៍យកបានទិដ្ឋាការ ឬ Visa លឿនជាងមុន។ កម្មវិធីនោះមានឈ្មោះថា “FIFA Pass” វានឹងអនុញ្ញាតឱ្យអ្នកដែលបានទិញសំបុត្រទស្សនា World Cup តាមរយៈ FIFA ទទួលបានការណាត់ជួបយកបានទិដ្ឋាការលឿនជាងមុន ខណៈដែលរដ្ឋបាលរបស់លោកបន្តសកម្មភាពធ្វើឱ្យវាមានតុល្យភាពរវាងជំហរតឹងរ៉ឹងរបស់លោកប្រធានាធិបតី Donald Trump លើការធ្វើចំណាកស្រុកជាមួយនឹងលំហូរចូលសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោកមកកាន់ការប្រកួតបាល់ទាត់ដ៏ស្ចារ្យ។ “pass” នៅក្នុងឈ្មោះគឺមានតំណាងឱ្យ “ប្រព័ន្ធកំណត់ពេលវេលាណាត់ជួបដែលមានអាទិភាពជាងវីសាផ្សេងៗ”។ លោក Gianni Infantino ប្រធាន FIFA ដែលស្ថិតនៅក្នុងការិយាល័យ Oval ជាមួយលោក Trump ដែរបានពន្យល់អំពីប្រព័ន្ធថ្មីនេះថា៖ ប្រសិនបើអ្នកមានសំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ World Cup នោះលោកអ្នកនឹងអាចមានការណាត់ជួបជាអាទិភាពដើម្បីទទួលបានទិដ្ឋាការរបស់អ្នកលឿនជាងមុន ដែលនេះគឺជាស្វាគមន៍ថ្មីសម្រាប់អ្នកដំណើរទូទាំងពិភពលោករបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ លោក Trump បាននិយាយទៀតថា៖ លោកនឹងលើកទឹកចិត្តយ៉ាងខ្លាំង” ដល់អ្នកធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup ជាពិសេសមកកាន់សហរដ្ឋអាមេរិកដែលជាសហម្ចាស់ផ្ទះ មកដាក់ស្នើសុំទិដ្ឋាការរបស់ពួកគេ “ភ្លាមៗ”។ ចំណែកលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា រដ្ឋបាលអាម៉េរិកបានបញ្ជូនមន្ត្រីកុងស៊ុលបន្ថែមជាង៤០០នាក់ទៅកាន់ជុំវិញពិភពលោក ដើម្បីដោះស្រាយតម្រូវការទិដ្ឋាការ ហើយលោកបញ្ជាក់ថា៖នៅក្នុងតំបន់ប្រហែល៨០%នៃពិភពលោក លោកអ្នកអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកបាន និងអាចទទួលបានការណាត់ជួបសម្ភាសន៍យកទិដ្ឋាការក្នុងរង្វង់តែ៦០ថ្ងៃប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



