លោក Donald Trump បញ្ជាក់នៅចំពោះមុខអ្នកព័ត៌មានថា៖ លោក Putin ពិតជាចង់បញ្ចប់សង្រ្គាមប្រាកដមែន

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយជាមួយអ្នកសារព័ត៌មានពីការិយាល័យ Oval ថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា “ខ្ញុំជឿថាលោក Putin ពិតជាចង់បញ្ចប់សង្រ្គាមប្រាកដមែន” ។ មិនតែប៉ុណ្ណោះតាមរយៈការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ និងបន្ទាប់ពីការអំពាវនាវដាច់ដោយឡែកជាមួយមេដឹកនាំនៃប្រទេសទាំងពីរ លោក Trump បាននិយាយថា៖ រុស្ស៊ីនិងអ៊ុយក្រែននឹងធ្វើវាភ្លាមៗដែរ ដោយចាប់ផ្តើមការចរចាលើបទឈប់បាញ់ជាមុនសិន។ ទោះជាយ៉ាងនេះក្តីកិច្ចសន្ទនារវាងពួកគេគឺមិនបានលេចចេញជាលទ្ធផលសំខាន់អ្វីនោះឡើយ។ ក្រោយមកលោកក៏បាននិយាយទៅកាន់អ្នកយកព័ត៌មានបន្ថែមថា លោកបានកត់សម្គាល់ពីដំណើរការងារនេះគឺមានការចូលរួមយ៉ាងខ្លាំងក្លាណាស់ នេះជាអ្វីដែលខ្ញុំហ៊ានអះអាង»។ លោក Trump បាននិយាយថា៖ សំដីរបស់មេដឹកនាំដ៏ធំមួយរូប គឺខ្ញុំគិតថានឹងមានអ្វីមួយនឹងកើតឡើងជាក់ជាមិនខាន ហើយប្រសិនបើវាមិនដូច្នោះទេ ខ្ញុំគ្រាន់តែចាកចេញទៅឲ្យឆ្ងាយពីបញ្ហានេះ ហើយពួកគេចង់ធ្វើអ្វីបន្តទៅទៀតក៏តាមពួកគេចុះ ព្រោះនេះជាស្ថានភាពនៅអឺរ៉ុបរបស់ពួកគេ ដែលវាគួរតែត្រូវបានអឺរ៉ុបដោះស្រាយ ស្ថានភាពអឺរ៉ុបខ្លួនឯងដែរ។ លោក Trump ក៏បាននិយាយថា លោកបានប្រាប់លោក Putin ថា “យើងត្រូវតែទៅមុខរួមគ្នា”។ ហើយមានសំណួរសួរថាតើនៅពេលណាដែលយើងនឹងបញ្ចប់រឿងនេះដែរលោក Vladimir? ដូច្នេះមានន័យថាសំដីរបស់ខ្ញុំគឺខ្ញុំបានស្គាល់ស្និតស្នាលជាមួយនឹងលោក Putin យូរមកហើយដែរ។  ខ្ញុំបាននិយាយថាតើនៅពេលណាដែលយើងនឹងបញ្ចប់ការបង្ហូរឈាមគ្នានេះ? ស្រាប់តែលោក Putin លើកឡើងស្ទួនមកវិញថា ការបង្ហូរឈាមគ្នា? ពេលនោះខ្ញុំនិយាយតបថា ពិតហើយវាជាការបង្ហូរឈាមគ្នា។ ហើយខ្ញុំជឿជាក់ថាប៉ុន្មានឃ្លានេះគឺមានន័យថាលោក Putin ពិតជាចង់បញ្ចប់វាមែន។ លោកប្រធានាធិបតីក៏បានប្រាប់អ្នកសារព័ត៌មានទៀតថាបុរីវ៉ាទីកង់បានសម្តែងចំណាប់អារម្មណ៍ចង់ធ្វើជាម្ចាស់ផ្ទះលើកិច្ចចរចារវាងពួកគេទាំងពីរ ប៉ុន្តែមិនមានការបញ្ជាក់ភ្លាមៗថាកិច្ចពិភាក្សាណាមួយត្រូវបានកំណត់ពេលវេលានោះទេ។ លោក Trump បានតស៊ូដើម្បីបញ្ចប់សង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលវាគឺជាឧបសគ្គសម្រាប់ការសន្យារបស់លោកក្នុងការដោះស្រាយជម្លោះយ៉ាងឆាប់រហ័សនៅពេលដែលរូបលោកត្រលប់មកកាន់សេតវិមានជាប្រធានាធិបតីវិញ ប្រសិនបើមិនមែនមុនពេលលោកចូលកាន់តំណែងនោះ។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរបស់អាម៉េរិករូបនេះក៏កំពុងពិចារណាលើគំនិតដែលថាកម្លាំងនៃបុគ្គលិកលក្ខណៈនិងប្រវត្តិផ្ទាល់ខ្លួនរបស់លោកជាមួយនឹងលោក Putin នឹងអាចក្លាយជាធាតុចូលគ្រប់គ្រាន់ដើម្បីបំបែករនាំងជាប់គាំងជុំវិញការផ្អាកប្រយុទ្ធគ្នារវាងរុស្ស៊ី និង អ៊ុយក្រែនដែរ។ លោកបានអះអាងថាប្រសិនបើសង្រ្គាមបញ្ចប់មែន នោះលោកនឹងកាត់បន្ថយទណ្ឌកម្ម ព្រមទាំងបង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ីឲ្យកាន់តែខ្លាំងក្លាជាងមុន៕  

សម្រួលអត្ថបទ៖ សុផារិន្ទ