លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងប្រព្រឹត្តកម្មនៅរោងចក្រកែច្នៃស្បែកសត្វមួយនៅស្រុកព្រៃនប់
ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងប្រព្រឹត្តកម្មនៅរោងចក្រកែច្នៃស្បែកសត្វរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ការចុះពិនិត្យនេះជាភារកិច្ចចាំបាច់មុននឹងឆ្លើយតបនឹងសំណើរបស់ក្រុមហ៊ុនក្នុងការតម្លើងអានុភាពអគ្គីសនីឱ្យដូចដើមមកវិញ ដើម្បីដាក់ដំណើរការសាកល្បងម៉ាស៊ីន និងអាងចម្រោះដែលគ្រោងនិងបញ្ចប់ការសាងសង់នាពេលខាងមុខ។ តាមរយៈការចុះពិនិត្យនេះ ឃើញថាក្រុមហ៊ុនបានបង្ហាញនូវសុឆន្ទៈក្នុងការកែតម្រូវតាមការណែនាំនិងស្របទៅតាមស្តង់ដាបច្ចេកទេស ដើម្បីអាចបើកដំណើរការផលិតកម្មឡើងវិញពិតប្រាកដមែន។
គួររំឮកផងដែរថា រោងចក្ររបស់ក្រុមហ៊ុនកែច្នៃស្បែកសត្វនេះបានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់ ដែលកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ លោក ឡុង ឌីម៉ង់ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តចុះផ្អាកដំណើរការផលិតកម្មទាំងស្រុង និងទម្លាក់អានុភាពអគ្គិសនីមកត្រឹមកម្រិតអប្បបរមារហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ



