លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ៖ យុវជនគ្រប់រូបត្រូវមានជំនាញមួយច្បាស់លាស់ ដើម្បីទទួលបានការងារល្អនិងទទួលបានប្រាក់កម្រៃខ្ពស់ !

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានដើរតួនាទីសំខាន់នៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ សម្រាប់យុវជនគ្រប់រូប។
លោក បានលើកឡើងដូចនេះនៅក្នុងទិវាអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី ៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ (TVET បង្កើនឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន) ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រី ប្រធានមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតជា ច្រើនរូប ផងដែរ ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា ដើម្បីជំរុញលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗក្លាយក្តីសុបិន្តក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបសិក្សាពេញមួយជីវិតទៅជាការពិត រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាមួយនេះ រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍជាតិកម្រិត ១,២, ៣ និង ៤ សម្រាប់វិស័យអាទិភាពរួមមាន វិស័យសំណង់ស៊ីវិល វិស័យមេកានិក វិស័យអគ្គិសនីនិងថាមពល វិស័យអេឡិចត្រូនិក វិស័យកម្មន្តសាល វិស័យបរិក្ខារត្រជាក់ និងកំដៅ និងវិស័យធុរកិច្ច ព័ត៌មានវិទ្យា ហើយក្នុងវិស័យនីមួយៗមានជំនាញជាច្រើនក្នុងការជ្រើសរើស។ ជាពិសេសរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបងថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ដែលកម្មវិធីនេះត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការពីថ្ងៃទី ១៤ខែវិច្ឆិកាឆ្នាំ ២០២៣ កន្លងមក។
នាឱកាសនោះលោក ភេង នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុបានធ្វើរបាយការណ៍សង្ខេបកិច្ចដំណើរការរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១៦ ជាមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ទទួលស្គាល់ដោយ ក្រសួងអប់រំយុវជន និងកីឡា ដោយបំពាក់ ឧបករណ៍សម្ភារៈ និងគ្រឿងសង្ហារឹម ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈនាយកដ្ឋានអប់រំបណ្តុះ បណ្តាលបច្ចកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជួយបង្កើតមុខរបរ រួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅឆ្នាំ២០០៤ មជ្ឈមណ្ឌលត្រូវបានកាត់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រែ ក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជា ជីវៈខេត្តព្រះសីហនុ ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុមក ដល់សព្វថ្ងៃនេះ។
ការបណ្ដុះបណ្ដាលរបស់មជ្ឈមណ្ឌលស្របតាមគុណវុឌ្ឍជាតិទាំង៨កម្រិត វិទ្យាស្ថានបានបណ្តុះបណ្តាលលើ ៦ កម្រិតរួមមាន៖ កម្រិតបរិញ្ញាបត្របច្ចេកទេស វិស្វករ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ សិក្សារយៈពេល ចាប់ពី១ឆ្នាំ ដល់៤ឆ្នាំ និងកម្រិតវិញ្ញាបនបត្ររយៈ ពេលខ្លី សិក្សារយៈពេលចាប់ពី១ សប្ដាហ៍ ដល់៤ខែ។
វិទ្យាស្ថានបានផ្សព្វផ្សាយជាមួយអជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ភូមិ ជ្រើសរើស យុវជនដែលស្ថិតនៅក្នុងគ្រួសារក្រីក្រ១ ក្រីក្រ២ និងគ្រួសារងាយរងហានិភ័យ ឱ្យចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈដើម្បីប្រឹក្សាយោបល់ អំពីអត្ថប្រយោជន៍នៃការបណ្ដុះបណ្ដាលបច្ចេកទេស វិទ្យាស្ថានបានចុះទំនាក់ ទំនងតាមក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីស្វែងរកពីតម្រូវការងារទីផ្សារការងារ និងស្វែងរកដៃគូរសហការ ក្នុងការផ្ដល់កន្លែងដល់សិស្ស-និស្សិតចុះកម្មសិក្សា និងផ្តល់ឱកាស ការងារដល់សិស្ស-និស្សិត បច្ចុប្បន្នវិទ្យាស្ថានមានដៃគូរសហការណ៍សរុប ៨១ ក្រុមហ៊ុន (ក្រុមហ៊ុន និងគ្រឹះស្ថានបរទេសចំនួន ៦ និងដៃគូហការណ៍ក្នុងស្រុកចំនួន ៧៥) ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សាធារណៈជន សិស្ស-និស្សិត យុវជន យុវនារី មាតាបិតា អាណាព្យាបាល និងផ្នែក ឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយ គុណភាព ប្រសិទ្ធភាព និងផលិតភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុង និងក្រៅប្រទេស៕