លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង ៣០០ម៉ែត្រ ដែលជាអំណោយរបស់សប្បុរសជន ក្នុងសង្កាត់លេខ៣

ព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ផ្លូវបេតុងអាមេ (បេតុងសរសៃដែក) ទំហំសរុប៖ ប្រវែងប្រមាណជាង ៣០០ ម៉ែត្រ និងទទឹង ៧,២៥ ម៉ែត្រ កម្រាស់បេតុង៖ ០,១៥ ម៉ែត្រ (១៥ សង់ទីម៉ែត្រ)។

ការស្ថាបនាផ្លូវនេះ ក៏រួមបញ្ចូលទាំងការដំឡើងប្រព័ន្ធលូរំដោះទឹកសងខាងផ្លូវ ដើម្បីបង្ការការលិចទឹក និងធានានូវភាពជាប់គង់វង្សនៃផ្លូវបានយូរអង្វែង។
ក្នុងសកម្មភាពចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីពិនិត្យលើគុណភាព បច្ចេកទេស និងធានាឱ្យបាននូវសោភ័ណភាពស្របតាមប្លង់គោលរបស់ក្រុង។

នាឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលរូបវន្តនេះឡើង។ លោកបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ១ សង្កាត់លេខ៣ ក្នុងការដឹកជញ្ជូន និងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព និងផាសុកភាពជាងមុន។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីឱ្យសមិទ្ធផលនេះអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូរអង្វែង៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ