លោក ផ្លុង តូន គ្រូឧទ្ទេសវិទ្យាស្ថានអប់រំ ធ្វើបទបង្ហាញពី «គរុកោសល្យ និងវិធីសាស្រ្តបង្រៀនកម្រិតឧត្តមសិក្សា» ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ផ្លុង តូន គ្រូឧទ្ទេសវិទ្យាស្ថានអប់រំ បានធ្វើបទបង្ហាញស្តីពី «គរុកោសល្យ និងវិធីសាស្រ្តបង្រៀនកម្រិតឧត្តមសិក្សា» ក្នុងវគ្គបណ្តុះបណ្តាលសំខាន់មួយ ដែលផ្តោតលើ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន»។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមណនិស្សិត និស្សិត និងមន្រ្តីរាជការជាច្រើនរូប ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោក ផ្លុង តូន បានបញ្ជាក់យ៉ាងច្បាស់ថា ការអប់រំមិនមែនមានតួនាទីត្រឹមតែផ្តល់ចំណេះដឹងផ្នែកវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការបណ្តុះបណ្តាលតម្លៃមនុស្ស ការកសាងសីលធម៌ វិន័យ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈឱ្យមានភាពពេញលេញ។ លោកបានលើកបង្ហាញថា ប្រព័ន្ធអប់រំប្រកបដោយគុណភាព គឺជាគន្លឹះសំខាន់ក្នុងការបង្កើតធនធានមនុស្សដែលមានសមត្ថភាព ប្រាជ្ញា និងការទទួលខុសត្រូវចំពោះសង្គម។ ក្នុងបរិបទនេះ លោកបានណែនាំអំពី «គុណតម្លៃទាំង ១០ នៃការអប់រំ» ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលអ្នកសិក្សារៀនសូត្រ។ គុណតម្លៃទាំងនេះរួមមាន អំណាចនិងភាពជាអ្នកដឹកនាំ ផលសម្រេចនិងភាពជោគជ័យ តម្រេកនិយម សកលនិយម សប្បុរសធម៌និយម ការរំញោចនិងភាពសកម្ម ការស្វ័យស្វែងរកផ្លូវ ប្រពៃណី និងភាពសម្របគ្នានៅក្នុងសង្គម ។ លោកបានបញ្ជាក់ថា គុណតម្លៃទាំងនេះជាគ្រឹះសំខាន់ក្នុងការកសាងអ្នកសិក្សារៀនសូត្រឱ្យមានសមត្ថភាពទាំងផ្នែកបញ្ញា អាកប្បកិរិយា និងសង្គម ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមទំនើប និងការប្រកួតប្រជែងជាសកល។

ជាមួយគ្នានេះផងដែរ លោក ផ្លុង តូន បានពន្យល់យ៉ាងលម្អិតអំពីប្រភេទនៃការអប់រំចម្បងចំនួន ៤ ប្រភេទ ដែលជាសសរស្តម្ភសំខាន់នៃប្រព័ន្ធអប់រំ។ ប្រភេទទី១ គឺការអប់រំសាសនា ដែលផ្តោតលើការបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងចិត្តស្មោះត្រង់។ ប្រភេទទី២ គឺការអប់រំដើម្បីចំណេះដឹង ដែលជាគ្រឹះសម្រាប់វិទ្យាសាស្រ្ត វិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ ប្រភេទទី៣ គឺការអប់រំបែបវិភាគស៊ីជម្រៅបរិវត្តកម្ម ដែលលើកទឹកចិត្តឱ្យអ្នករៀនមានសមត្ថភាពគិតវិភាគ សង្កេត បញ្ចេញមតិ និងបម្លែងចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង។ ប្រភេទទី៤ ការអប់រំបច្ចេកទេស ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងសម័យទំនើប។

លើសពីនេះទៅទៀត លោកបានលើកបង្ហាញពីវិធីសាស្រ្តបង្រៀនបែបពេញលេញ និងមានប្រសិទ្ធភាពនៅកម្រិតឧត្តមសិក្សា ដោយផ្តោតលើអ្នកសិក្សាជាគោល។ វិធីសាស្រ្តទាំងនេះរួមមាន ការកំណត់សមត្ថភាពជាក់ស្តែងរបស់និស្សិតមុន និងក្នុងអំឡុងពេលសិក្សា ការបែងចែកនិស្សិតតាមកម្រិតសមត្ថភាព ដើម្បីអាចបង្រៀនឱ្យសមស្រប ការបង្កើតកិច្ចព្រមព្រៀងសិក្សា និងផែនការរៀនរយៈពេល ៣ ឆ្នាំ ទៅ ៥ ឆ្នាំ ដែលមានគោលដៅច្បាស់លាស់ ការរៀនបំពេញបន្ថែមគ្រប់កម្រិតថ្នាក់ ដើម្បីពង្រឹងសមត្ថភាពអ្នករៀន ការធ្វើវាយតម្លៃជាប្រចាំនិងមានប្រព័ន្ធ និងការរៀបចំការប្រកួតប្រជែងទាំងកម្រិតថ្នាក់ សាលា និងថ្នាក់ជាតិ ដើម្បីលើកទឹកចិត្ត ការប្រកួតប្រជែងដោយសុចរិត និងការបង្ហាញទេពកោសល្យរបស់និស្សិត។

បទបង្ហាញនេះត្រូវបានចាត់ទុកជាចំណេះដឹងដ៏មានតម្លៃ និងជាការអនុវត្តបានជាក់ស្តែង សម្រាប់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រូបង្រៀន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការលើកកម្ពស់គុណភាពការបង្រៀន ការរៀនសូត្រ និងការបម្រើសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពឱ្យស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។