លោក ណយ ផាណា ៖វគ្គនេះធ្វើឡើងក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យកាន់តែមានភាពច្បាស់លាស់ លើការងារជំនាញរបស់ខ្លួន ទាំងគុណភាព និងបរិមាណ

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា តំណាងឲ្យឯកឧត្តបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសជំនាញកីឡាកាយសម្ព័ន្ធ អាអរូបិកកម្រិត១ នៅខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា បានប្រសាសន៍ថា ផ្អែកតាមផែនការ សកម្មភាពឆ្នាំ២០២៥ របស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា សហការណ៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ បើកវគ្គបណ្តុះបណ្តាល បច្ចេកទេស គ្រូជំនាញកម្រិត១(Ac adéerry Level 1 In Aerctic Gyrnractics, National Development Youth MAG, Training Camp and Talent Identification) ដើម្បីពង្រឹងនូវគុណភាព បច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡា កាយសម្ព័ន្ធ ឲ្យទទួលបានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចំណេះជំនាញមួយនេះ ក្នុងការជ្រើសរើសបាននូវកីឡាករ-កីឡាការិនីវ័យក្មេងត្រឹមត្រូវតាមគោលការណ៍នៃការ កំណត់អត្តសញ្ញាណកីឡាទេព្យកោលស្ស និងឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ នាពេលខាងមុខ ជាពិសេសគឺពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញ ប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យកាន់តែមានភាពច្បាស់លាស់ លើការងារជំនាញរបស់ខ្លួន ទាំងគុណភាព និងបរិមាណ។

លោក អគ្គលេខាធិការ បានបន្តថា វគ្គនេះគាំទ្រ ដោយកញ្ចប់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ជូនសហព័ន្ធ ក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាព បច្ចេកទេស ក្នុងកញ្ចប់បណ្តុះបណ្តាល ធនធានមនុស្ស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្ត កំពង់ឆ្នាំង ។ វគ្គបច្ចេកទេស គ្រូជំនាញកម្រិត១ នេះ ត្រូវបានអញ្ជើញមកបង្រៀន ដោយគ្រូឧទ្ទេសលោក ណយ ផាណា និងអ្នកគ្រូជំនួយ កញ្ញា សោ សុគីម ជាគ្រូជំនាញ របស់សហព័ន្ធដែលមានកម្រិត បច្ចេកទេស និងមានបទពិសោធផ្នែករដ្ឋបាលកីឡា FIG Academy Level I and Level II in Artistic and Aercbic Gymnastics and sports Administration។

លទ្ធផលសិក្សាឆ្លងកាត់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងសិក្ខាកាមទាំង២២នាក់ មាននារី៨នាក់ បានទទួលនិទ្ទេសល្អ ចំនួន ១៤ នាក់ និទ្ទេសល្អបង្គួរ ចំនួន ៤នាក់ និទ្ទេសមធ្យម ចំនួន ៤នាក់។ ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែងរបស់សិក្ខាកាមចាប់ពីថ្ងៃ១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានបង្ហាញឲ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្ដី ជាមួយការអនុវត្តជាក់ស្តែងផ្ទាល់លើប្រភេទកីឡាកាយសម្ព័ន្ធ វគ្គគ្រូបង្វឹកជំនាញកម្រិត១ ព្រមទាំងលើកកម្ពស់នូវកម្រិតសមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវ បទពិសោធន៍ល្អៗ ថ្មីៗថែមទៀតរវាងគ្រូ និងកីឡាករ កីឡាការិនីមកពីបណ្តាក្លឹបផ្សេងគ្នា និងបង្កើនសមត្ថភាព កម្រិត គុណផលបច្ចេកទេសជូនដល់កីឡាករ កីឡាការិនី និងជាពិសេសវគ្គនេះទទួលបានការយល់ដឹងដល់លោកគ្រូ អ្នកគ្រូអំពី ការផ្លាស់ប្តូរច្បាប់ថ្មីមួយចំនួនក្នុងអាណត្តិ ២០២៥-២០២៨ ផងដែរ។

លោក ណយ ផាណា បានបញ្ជាក់ថា បើសិនមានលទ្ធភាព ធ្វើការសិក្សា តាមរយៈសិក្ខាសាលា ការបើកវគ្គបច្ចេកទេសគ្រូជំនាញ ឬធ្វើការបោះជំរំ (Training Camp)ឲ្យបានញឹកញាប់ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី កាន់តែមានការយល់ដឹង លើបច្ចេកទេសជំនាញ ជាពិសេស បានលើកកម្ពស់កម្រិតគុណ ផលបច្ចេកទេសខ្ពស់ជូនដល់កីឡាករ កីឡាការិនីនៃប្រភេទ កីឡាកាយសម្ព័ន្ធកម្ពុជា របស់ព្រះរាជាណាចក្រកម្ពុជា ឈានទៅរកសក្តានុពល ឧត្តមភាព និងភាពជោគជ័យជូនប្រទេសជាតិ មាតុភូមិ ពីការប្រកួត ជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅកាន់កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅ ប្រទេសថៃ ៕