លោកឧត្តមសេនីយ៍ទោ ឡោ សុខា នាំយកចំនួនម៉ូតូ ១៥គ្រឿង គ្រឿងឧបភោគបរិភោគ និងថវិកា លើកទឹកចិត្ត ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តមណ្ឌលគិរី ៖ ម៉ូតូចំនួន ១៥គ្រឿង រួមទាំងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងថវិកាលើកទឹកចិត្តមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ត្រូវបានលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាំយកទៅប្រគល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ និងលេខ ៦២១ ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិការ និងជីវភាពប្រចាំថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ ស្ថិតក្នុងភូមិសាស្ត្រឃុំពូជ្រៃ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបញ្ជាក់ថា ការផ្ដល់ជូននូវមធ្យោបាយម៉ូតូទាំង ១៥គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិចំនួន ១០គ្រឿង និងអំណោយរបស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីចំនួន ៥គ្រឿង រួមជាមួយគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរជាប្រចាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងការលំបាករបស់កងកម្លាំងជួរមុខ។ អំណោយទាំងនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន និងភូមិសាស្ត្រស្មុគស្មាញនានា ឱ្យកាន់តែមានភាពរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់។

លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំនូវមនោសញ្ចេតនានឹករលឹក និងការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចការពារជាតិ។ លោក មានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងវរសេនាតូចទាំងពីរនូវចំណុចសំខាន់ៗ រួមមាន ១. ពង្រឹងការងារសន្តិសុខ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមព្រំដែន ជាពិសេស បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋឱ្យបានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលខិតជិតមកដល់។ ២. ចូលរួមថែរក្សាសម្ភារៈ ត្រូវចេះថែទាំមធ្យោបាយម៉ូតូ និងសម្ភារៈដែលទទួលបានឱ្យបានល្អ ដើម្បីបម្រើឱ្យកិច្ចប្រតិបត្តិការការពារបូរណភាពទឹកដីបានយូរអង្វែង។ ៣. សាមគ្គីភាព និងវិន័យ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គោរពវិន័យកងកម្លាំង និងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕