លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានណែនាំឱ្យគ្រប់ជំនាញទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scams Online) កិច្ចសហការត្រួតពិនិត្យរដ្ឋបាលទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា(Online Scams) សហការត្រួតពិនិត្យជនបរទេសនៅតាមប៉ុស្តិត្រួតពិនិត្យតាមដងផ្លូវ និងបន្តការពារសន្តិសុខជូនជនបរទេសស្នាក់នៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅគោលដៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

ក្រៅពីនោះត្រូវបន្តកិច្ចការងារបង្ក្រាបបទល្មើសផ្សេងៗជាអាទិ៍ បទល្មើសជួញដូរ ផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀន បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសក្មេងទំនើង បទល្មើសព្រៃឈើ បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសនេសាទ។ និងត្រូវត្រៀមកម្លាំង មធ្យោបាយ-សម្ភារៈ ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវវស្សានេះ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដូចជាខ្យល់ កន្ត្រាក់ ខ្យល់ព្យុះ រន្ទះបាញ់ អគ្គិភ័យ បាក់ច្រាំងទន្លេ បាក់រលំអាគារ…។ល។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។