លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេសុី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ផែនការការពារសន្តិសុខ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសាលាខេត្តបន្ទាយមានជ័យ ផែនការការពារសន្តិសុខ ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ នៅខេត្តព្រៃវែង និងផែនការការពារសន្តិសុខ ព្រះរាជពិធីកាត់ឫសសីមា ព្រះវិហារថ្មី វត្តកេតកន្យារាម នៅខេត្តសៀមរាប។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធានៃប្រទេសម៉ាឡេសុី ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ NIZAM BIN HJJAFFER អគ្គមេបញ្ជាការកងទ័ពម៉ាឡេសុី នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូយោធាជាន់ខ្ពស់នឹងមានជំនួបសម្តែងការគួរសមចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ។

ចំពោះពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ 

រីឯព្រះរាជពិធីកាត់ឫសសីមា ព្រះវិហារថ្មី វត្តកេតកន្យារាម នៅខេត្តសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ព្រះរាជពិធីនេះ នឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥។