លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងការពារសន្តិសុខ

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅភូមិសាស្ត្រខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំក្រុមការងារដើម្បីចុះត្រួតពិនិត្យទីតាំងការពារសន្តិសុខសម្រាប់ពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម ឆ្នាំ២០២៥។

ពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម និងមានព្រឹត្តិការណ៍អមដូចជាពិធីលាបថ្នាំបង្គោលព្រំដែន ការដាំដើមឈើ ការត្រួតពិនិត្យល្បាតព្រំដែនរួម ការធ្វើលំហាត់សុខាភិបាលសង្គ្រោះគ្រោះមហន្តរាយ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាបឋមសិក្សា សាំង សុណ្ណ និងពិធីជប់លៀងស្វាគមន៍។