លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី (អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី)

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងក្រុមការងារវិស្វករជំនាញសាងសង់ បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី (អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់ និងធ្វើរបងជុំវិញជាបណ្តោះអាសន្នសិនអស់ជាច្រើនថ្ងៃមកហើយ ដោយនិងសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការ នាពេលខាងមុខនេះផងដែរ។ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីនេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន តែងតែដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះត្រួតពិនិត្យជាក់ស្តែងដោយផ្ទាល់នូវវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មីនេះ និងជាពិសេសមិនភ្លេចឡើយចំពោះការអុជធូបសែនព្រេនសុំសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្សអ្នកតា ដែលស្ថិតថែរក្សាឃុំគ្រងនៅកន្លែងទីតាំងនេះផងដែរ។
សកម្មភាពទាំងនេះដែរ ស្តែងចេញអោយឃើញពីការយកចិត្តទុក្ខដាក់បំផុតចំពោះការបំពេញតួនាទីភារកិច្ចការងារ ស្របតាមទិសស្លោករបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញសម្រាប់កងរាជអាវុធហត្ថទូទាំងប្រទេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនគឺ (ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ)។