លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ អញ្ជើញជួបសំណេះសំណាលនិងដឹកនាំ នាយទាហាន នាយទាហានរង បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្រោមស្មារតីមនុស្សធម៌ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងក្រុមការងារកាកបាទក្រហម រួមទាំងបងប្អូនសប្បុរសជននានា ដែលតែងឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងកម្មវិធីបរិច្ចាកឈាមដោយស្ម័កចិត្តនេះដែរ ប្រព្រឹត្តទៅដោយមានការសហការពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមបរិច្ចាកឈាមសរុបចំនួន១២៥នាក់។
ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងថាចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ ហើយនឹងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក(យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន និងបានបន្តទៀតថា យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង។ហើយពេលនេះគឺជាលើកទី៣ហើយ ដែលលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ៕
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្រុមការងារ ព្រមទាំងបានកោតសរសើរដល់ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ៕



