លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់លោក Donald Trump ថា «លោកគឺជាមិត្តល្អបំផុត» ក្រោយពីលោក Trump ធ្លាប់បានត្អូញត្អែរថាជប៉ុនស្ថិតក្នុងចំណោមប្រទេសទាំង៧ដែលមិនអើពើរជាមួយលោក

លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានព្យាយាមបញ្ជាក់ជាថ្មីនូវសម្ព័ន្ធភាពរបស់លោកស្រីជាមួយប្រធានាធិបតី Donald Trump នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅអាម៉េរិក) បន្ទាប់ពីប្រធានាធិបតី Trump ហាក់ដូចជាបានត្អូញត្អែរថា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដែលមិនបានចូលរួមក្នុងការអំពាវនាវរបស់លោកយ៉ាងឆាប់រហ័សឡើយនៅសប្តាហ៍នេះ ដើម្បីជួយការពារច្រកសមុទ្រ Hormuz តាមការស្នើសុំរបស់លោក។ លោកស្រី Takaichi ដែលបានជួបជាមួយលោក Trump នៅសេតវិមាន និងបានប្រាប់លោកប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះថា ប្រទេសជប៉ុនបានប្រឆាំងនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានអំពាវនាវបន្ថែមពីបំណងប្រាថ្នារបស់លោក Trump ដែលត្រូវគេមើលឃើញថាជាអ្នកបង្កើតសុខសន្តិភាពពិតប្រាកដ បើទោះបីជាលោកបានចាប់ផ្តើមសង្គ្រាម ដែលជាជម្រើសចុងក្រោយជាមួយអ៊ីរ៉ង់ក៏ដោយ។ ប៉ុន្តែអ្នកទាំងពីរសុទ្ធតែអាចញញឹមដាក់គ្នាបាននៅចំពោះមុខអាហារពេលល្ងាចនោះ។ លោក Trump បាននិយាយថា “នេះហើយគឺជាស្ត្រីដ៏អស្ចារ្យម្នាក់ ហើយវាជាកិត្តិយសណាស់ដែលសេតវិមានបានទទួលលោកស្រីនៅពេលនេះ”។ ចំណែកលោកស្រី Taikaichi វិញបានបញ្ជាក់បន្ថែមតាមរយៈអ្នកបកប្រែថាជា “លោក Trump គឺជាមិត្តល្អបំផុតសម្រាប់លោកស្រី” ឬ “ The best buddies” មុនពេលលោកស្រីនិយាយជាភាសាអង់គ្លេសថា “ជប៉ុនបានត្រលប់មកវិញហើយ” ឬ “Japan is back” ។ លោក ស្រី Takaichi ដែលបានជួបជាមួយលោក Trump នៅពេលនេះគឺលើកដំបូងហើយនៅសេតវិមាន បន្ទាប់កាលពីខែតុលាកន្លងទៅនៅទីក្រុងតូក្យូ គឺក្នុងនាមជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន និងជាកូនសិស្សរបស់អតីតមេដឹកនាំ Shinzo Abe ដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោក Trump ខណៈលោក Trump បានអញ្ជើញទៅអបអរសាទរលោកស្រី ដោយផ្ទាល់ថែមទៀតផង។ សូមបញ្ជាក់ថាលោកស្រី Takaichi ក៏ជាអ្នកគាំទ្រដ៏រឹងមាំម្នាក់របស់កោះតៃវ៉ាន់ដែរ ដែលការអត្ថាធិប្បាយរបស់លោកស្រីកន្លងទៅគឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ជប៉ុនក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់ដែនកោះនេះ និង បានធ្វើឱ្យមានភាពតានតឹងជាមួយប្រទេសចិនកើនឡើងដែរ។ សម្រាប់ប្រទេសចិនវិញបានចាត់ទុកកោះតៃវ៉ាន់ដែលផ្តាច់ខ្លួន និងគ្រប់គ្រងដោយខ្លួនឯង គឺជាទឹកដីអធិបតេយ្យភាពរបស់ខ្លួនដដែល ហើយបាននិយាយថា ខ្លួននឹងយកវាមកវិញដោយកម្លាំងណាមួយប្រសិនបើចាំបាច់ បើទោះបីដឹងថាសហរដ្ឋអាមេរិកពេលនេះកំពុងពឹងផ្អែកភាគច្រើនលើការផលិតបន្ទះឈីបកុំព្យូទ័រពីដែនកោះនេះក្តី ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ