លោកមេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧ ត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៦ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់សមាជិក សមាជិកា គណៈមេធាវី ចំនួន ៣ ០៧១នាក់ ស្មើនឹង ៩៩.៨ភាគរយ នៃចំនួនសមាជិក មេធាវីមានសិទ្ធិបោះឆ្នោតសរុប ៣០៧៨នាក់។
សម្រាប់អាណត្តិទី១៦នេះ គឺមានរយៈពេល៣ឆ្នាំ ខណៈអាណត្តិមុនៗ មានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ។ ចំពោះការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១៦នេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មេធាវីទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត។
មុនជាប់ឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ បានកាន់តំណែងជាប្រធានគណៈមេធាវី អាណត្តិទី១៥។ ដូច្នេះ សម្រាប់លទ្ធផលបោះឆ្នោតផ្លូវការនេះ គឺបានឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងការគាំទ្រយ៉ាងមុតមាំពីសំណាក់សមាជិក សមាជិការបស់គណៈមេធាវី ចំពោះសមត្ថភាព និងចក្ខុវិស័យរបស់លោកមេធាវី សាំង វណ្ណៈ ក្នុងការដឹកនាំស្ថាប័នដ៏សំខាន់នេះ។
ក្នុងនាមជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ ត្រូវបានគេរំពឹងថានឹងបន្តពង្រឹងវិស័យច្បាប់ និងលើកកម្ពស់វិជ្ជាជីវៈមេធាវីនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកមេធាវី សាំង វណ្ណៈ បានដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ១៦ចំណុច ក្រោមមូលបទ រួមគ្នាដើម្បី «វិបុលភាពនៃវិជ្ជាជីវៈមេធាវី» ។
គួរឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី៣១ បោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ៕


