លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថាមេដឹកនាំអឺរ៉ុបគួរតែបន្ទោសខ្លួនឯងល្អជាង ចំពោះភាពធ្វេសប្រហែស ដែលនាំឱ្យស្ថានភាពថាមពលរបស់ខ្លួនជួបផលវិបាកដូចពេលនេះ
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មានទូរទស្សន៍រដ្ឋថា៖ រដ្ឋាភិបាលអឺរ៉ុប ឬ EU ត្រូវស្តីបន្ទោសខ្លួនឯងល្អជាងចំពោះស្ថានភាពដ៏លំបាកផ្នែកថាមពលរបស់ពួកគេនៅពេលនេះ។ ចំពោះអឺរ៉ុប អ្វីដែលកំពុងកើតឡើងនៅថ្ងៃនេះ នៅលើទីផ្សារអឺរ៉ុបគឺជាលទ្ធផលដ៏ពិតប្រាកដមួយ វាជាលទ្ធផលនៃគោលនយោបាយខុសឆ្គងរបស់រដ្ឋាភិបាលអឺរ៉ុបក្នុងវិស័យថាមពលខ្លួនឯង។ លោកបាននិយាយថា វាអាច “មានអត្ថប្រយោជន៍ច្រើនជាង” សម្រាប់រុស្ស៊ីក្នុងការឈប់ផ្គត់ផ្គង់ទីផ្សារទៅកាន់អឺរ៉ុប និង “ផ្លាស់ប្តូរទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនវិញ” ដោយនោះមិនមែនជាការសម្រេចចិត្តទេ ប៉ុន្តែក្នុងករណីនេះ បង្ហាញពីអ្វីដែលហៅថា ‘ការគិតដ៏វែងឆ្ងាយយ៉ាងច្បាស់លាស់។ លោក Putin បាននិយាយថា លោកនឹងប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលរបស់លោកស៊ើបអង្កេតលើបញ្ហានេះ។ មិនតែប៉ុណ្ណោះ លោក Putin ក៏បានហៅហេតុការណ៍លិចកប៉ាល់ដឹកប្រេងដែលមានទង់ជាតិរុស្ស៊ី ដែលដឹកឧស្ម័នធម្មជាតិរាវនៅសមុទ្រមេឌីទែរ៉ាណេថា “ជាការវាយប្រហារបែបភេរវកម្ម” ដែល “ធ្វើឱ្យស្ថានការណ៍នៅលើទីផ្សារថាមពលសកលត្រូវរងគ្រោះកាន់តែធ្ងន់ធ្ងរទៅៗ រួមទាំងទីផ្សារឧស្ម័នធម្មជាតិដែរ”។ អាជ្ញាធរនៅក្នុងប្រទេសអាហ្វ្រិកខាងជើងបាននិយាយកាលពីថ្ងៃពុធថា កប៉ាល់ដឹកប្រេងនោះបានផ្ទុះ និងផ្ទុះឡើងបែកចេញជាអណ្តាតភ្លើង មុនពេលវាលិចចូលនៅក្នុងសមុទ្រមេឌីទែរ៉ាណេដែលស្ថិតនៅឆ្នេរសមុទ្រលីប៊ី ហើយរុស្ស៊ីបានស្តីបន្ទោសលើហេតុការណ៍នេះ ទៅលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅសមុទ្រអ៊ុយក្រែនទៅវិញ។ ប៉ុន្តែមន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើការចោទប្រកាន់នោះទេ។ យោងតាមអាជ្ញាធរដែនសមុទ្រលីប៊ីបានឲ្យដឹងថាមាន “ករណីផ្ទុះភ្លាមៗ បន្ទាប់មកមានអគ្គីភ័យដ៏ធំមួយបានកើតឡើងនៅលើកប៉ាល់ Arctic Metagaz ( អាតិច ម៉េតាហ្កាស់) នៅពេលដែលវាស្ថិតនៅចម្ងាយប្រហែល ២៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃទីក្រុង Sirte របស់ប្រទេសលីប៊ី។ យោងតាមសេចក្តីថ្លែងការណ៍មួយបាននិយាយថា កប៉ាល់ដឹកប្រេងនិងដឹកឧស្ម័នធម្មជាតិរាវ (LNG)នោះមានចំណុះ ៦១,០០០តោន “បានលិចទាំងស្រុង” នៅចន្លោះរវាងប្រទេសលីប៊ី និងប្រទេសម៉ាល់តា សមាជិកនាវិកទាំង៣០នាក់ត្រូវបានគេជួយសង្គ្រោះ ហើយបញ្ជូនទៅកាន់កប៉ាល់មួយផ្សេងទៀតដែលធ្វើដំណើរទៅកាន់ទីក្រុង Benghazi (បេងហ្កាហ្ស៊ី) របស់ប្រទេសលីប៊ី៕
សម្រួលអត្ថបទ៖ សុផារិន្ទ



