លោកប្រធានាធិបតីបារាំង Emmanuel Macron ដឹកនាំគណៈប្រតិភូសំខាន់ៗធ្វើទស្សនកិច្ចនៅជប៉ុនដើម្បីពង្រឹងផ្នែកកាទូត និងកិច្ចការសន្តិសុខសកលមុនពេលលោកបន្តទៅកាន់សាធារណរដ្ឋកូរ៉េ

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយារបស់លោក គឺលោកស្រី Brigitte (ប្រីហ្គីតេ)បានចុះចតនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូកាលពីល្ងាចថ្ងៃអង្គារនេះ ដោយមានទាំងភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង។ លោកប្រធានាធិបតីត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae (តៃកៃឈិ សាណាអិ) នៅថ្ងៃពុធនេះ ដោយមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីភាពវិវត្តចុងក្រោយបំផុតនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាបញ្ហាកិច្ចការពារជាតិនិងសន្តិសុខសកល។ លោក Macron ក៏បានគ្រោងនឹងជួបជាមួយព្រះចៅអធិរាជជប៉ុនដែរអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក។ សម្រាប់ព្រឹកថ្ងៃពុធនេះវិញអ្នកការទូតកំពូលៗ និងប្រមុខការពារជាតិមកពីប្រទេសបារាំងបានជួបជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជប៉ុននៅទីក្រុងតូក្យូ ដោយក្នុងនោះមានរដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី Catherine Vautrin និងរដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot បានជួបជាមួយសមភាគីរៀងៗខ្លួន គឺលោក Shinjirō Koizumi និងលោក Toshiistu Motegi ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ និងបញ្ហាក្នុងតំបន់។ លោក Motegi បានមានប្រសាសន៍អំឡុងពេលនៃកិច្ចប្រជុំថា “ក្រោមកាលៈទេសៈក្នុងស្ថានភាពបែបនេះ វាបានក្លាយទៅជាភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសដែលមានគំនិតដូចគ្នា គឺបារាំង និងជប៉ុន ទាំងផ្នែកការទូត និងការពារជាតិ”។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន-បារាំងលើកទី៨នាពេលនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូដឹកនាំដោយប្រធានាធិបតី លោក Emmanuel Macron បានមកដល់ទីក្រុងតូក្យូ។ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅជប៉ុននេះទៅ លោកប្រធានាធិបតី Macron នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី ២ និងទី 3 ខែមេសាបន្តទៀត៕

សម្រួលអត្ថបទ៖ សុផារិន្ទ