លោកប្រធានាធិបតីចិន Xi Jinping អញ្ជើញទៅដល់ទីក្រុង Astana ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២ ដែលទទួលគារវកិច្ចអមដោយយន្តហោះចម្បាំងពិសេស

ប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់រដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថានហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្តាលលើកទី២ជាមួយនឹងប្រទេសចិន។ បន្ទាប់ពីយន្តហោះពិសេសរបស់លោក Xi Jinping ចុះចតនៅអាកាសយានដ្ឋានកាហ្សាក់ស្ថាន ភ្លាមៗយន្តហោះចម្បាំងរបស់កងកម្លាំងការពារដែនអាកាសរបស់ប្រទេសកាហ្សាក់ស្ថានក៏បានចេញដំណើរមកអមដំណើរនិងទទួលគារវកិច្ចលោកដែរ ដែលមើលទៅពិតជាប្លែកនិងអស្ចារ្យខ្លាំងណាស់។ នៅពេលដែលលោក Xi មកដល់អាកាសយានដ្ឋានអន្តរជាតិ Nursultan Nazarbayev លោក Xi ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅព្រលានយន្តហោះនោះដែរ។ កិច្ចស្វាគមន៍នោះរួមានក្រុមយុវជន និងកុមារជនជាតិកាហ្សាក់ស្ថាន ដែលកាន់ទង់ជាតិរបស់ប្រទេសចិនផង និងកាហ្សាក់ស្ថានផង ដើម្បីបង្ហាញពីការស្វាគមន៍របស់ពួកគេយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានាធិបតីចិន។ ស្ថិតក្នុងដំណើរអមជាមួយលោក Tokayev លោក Xi បានមើលចុះត្រួតពលដោយដើរដង្ហែរជាក្បួនដែលធ្វើឡើងដោយឆ្មាំកិត្តិយសជាតិ ខណៈដែលឧទ្ធម្ភាគចក្រចងទង់ជាតិនៃប្រទេសទាំងពីរបានហោះពីលើអាកាសយានដ្ឋានយ៉ាងស្វាហាប់ដែរ។ ចំណែកនៅខាងក្នុងបន្ទប់ VIP របស់អាកាសយានដ្ឋានវិញ ប្រមុខរដ្ឋទាំងពីរបានបង្ហាញពីភាពរីករាយជាមួយគ្នានឹងទស្សនាការសម្តែងសិល្បៈរបស់យុវជន និងកុមារកាហ្សាក់ស្ថាន។ ប្រតិភូអមដំណើរជាមួយលោក Xi Jinping រួមមានលោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជានាយកការិយាល័យទូទៅនៃគណៈកម្មាធិការកណ្តាល CPC និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC និងជារដ្ឋមន្ត្រីការបរទេសបានមកដល់ជាមួយយន្តហោះពិសេសនោះដូចគ្នា។ រីឯ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថានមាន លោក Han Chunlin ក៏បានមកដល់ព្រលានយន្តហោះ ដើម្បីស្វាគមន៍លោក Xi នៅពេលមកដល់ដែរ។ នៅពេលដែលក្បួនរថយន្តរបស់លោក Xi បានធ្វើដំណើរពីព្រលានយន្តហោះទៅកាន់សណ្ឋាគារស្នាក់នៅពិសេសនោះ តំណាងសហគ្រាសដែលផ្តល់មូលនិធិដោយចិន និងនិស្សិតចិនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានាស្រែកសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi ដោយពួកគេគ្រវីទង់ជាតិនៃប្រទេសចិន និងកាហ្សាក់ស្ថានរួមគ្នា និងកាន់បដាពណ៌ក្រហមជាមួយនឹងសារស្វាគមន៍យ៉ាងកក់ក្តៅដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ