លោកប្រធានាធិបតីចិន Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្តាល(៥ប្រទេស)និងចិនជាលើទី២

តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev លោកប្រធានាធិបតីចិន លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅទីក្រុង Astana ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែមិថុនា នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសជាផ្លូវការ។ អ្នកនាំពាក្យលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានថា ការបង្កើតយន្តការចិន-អាស៊ីកណ្តាល គឺជាការសម្រេចចិត្តជាឯកច្ឆ័ន្ទដោយប្រទេសចិន និងប្រទេសអាស៊ីកណ្តាលទាំង៥ ដែលអនុលោមតាមការរំពឹងទុករបស់ភាគីទាំងអស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។ លោកបាននិយាយថា ចាប់តាំងពីកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីមួយត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅទីក្រុងស៊ីអានក្នុងខែឧសភាឆ្នាំ ២០២៣ មកទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាលបានឈានចូលយុគសម័យថ្មីមួយ ដោយកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅបានចាក់បញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេស។ ជាការកត់សំគាល់កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ីកណ្តាលជាលើកដំបូងនោះដោយ លោក Lin បាននិយាយថា លោកប្រធានាធិបតី Xi នឹងថ្លែងសុន្ទរកថាសំខាន់នៅក្នុងកិច្ចប្រជុំ ហើយផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំនៃប្រទេសអាស៊ីកណ្តាលស្តីពីសមិទ្ធិផលនៃយន្តការចិន-អាស៊ីកណ្តាល និង កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងក្របខ័ណ្ឌ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់។ ថ្នាក់ដឹកនាំទាំងពីរនឹងចូលរួមសកម្មភាពពាក់ព័ន្ធនានា។ លោក Lin បានបន្ថែមថាអំឡុងនៃកិច្ចប្រជុំកំពូលនោះដែរ លោក Xi នឹងរៀបចំកិច្ចប្រជុំដាច់ដោយឡែកជាមួយមេដឹកនាំនៃប្រទេសអាស៊ីកណ្តាលផងដែរ។ លោក Lin បាននិយាយទៀតថា “យើងជឿជាក់ថា តាមរយៈកិច្ចប្រជុំកំពូលនេះ ប្រទេសចិន និងប្រទេសអាស៊ីកណ្តាលទាំង នឹងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើតការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលគ្នានៃយុទ្ធសាស្រ្ត ជំរុញការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងបញ្ចូលថាមពលវិជ្ជមានបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-អាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា”។ ប្រទេសអាស៊ីកណ្តាលទាំង៥រួមមាន៖ Kazakhstan Kyrgyzstan Tajikistan Turkmenistan និង Uzbekistan៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em