លោកប្រធានាធិបតីចិន Xi Jinping និងលោក Kim Jung Un ជួបពិភាក្សាគ្នាជាទ្វេភាគីនៅទីក្រុងប៉េកាំងមុនពេលលោក Kim ចាកចេញតាមរយៈរថភ្លើងឯកជនពិសេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានឲ្យដឹងថាលោកប្រធានាធិបតី Xi Jinping និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានសន្យាគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការល្អ អំឡុងពេលនៃកិច្ចពិភាក្សានៅទីក្រុងប៉េកាំង បន្ទាប់ពីពិធីរំលឹកខួបឯកជាតិជាតិ ក្រោយការបញ្ចប់សង្គ្រាមលោកលើកទី 2 ។
លោក Xi និងលោក Kim រួមជាមួយនឹងមន្ត្រីកំពូលមកពីប្រទេសរបស់ពួកគេបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍នេះនៅឯវិមានមហាសាលប្រជាជនចិនប្រចាំនៅទីក្រុងប៉េកាំងមួយថ្ងៃពេញ បន្ទាប់ពីលោក Kim បានចូលរួមក្បួនដង្ហែរយោធាចិនជាមួយមេដឹកនាំបរទេសផ្សេងទៀតរួមទាំងជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ ។ ទស្សនកិច្ចលើកនេះរបស់លោក Kim គឺជាដំណើរទស្សនកិច្ចដ៏កម្រមួយនៅខាងក្រៅប្រទេសកូរ៉េខាងជើង។ លោក Xi បានគូសបញ្ជាក់អំពី “ចំណងមិត្តភាពជាប្រពៃណី” រវាងប្រទេសចិន និងកូរ៉េខាងជើង ហើយលោកបានសន្យាថានឹងពង្រឹងពង្រីក ព្រមទាំងជំរុញទំនាក់ទំនងរបស់ភាគីទាំងពីឲ្យកាន់តែខ្លាំងឡើងផងដែរ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។ យោងតាមទូរទស្សន៍ CCTV បានឲ្យដឹងថាលោក Xi បានប្រាប់លោក Kim ថា “ជំហរនេះនឹងមិនផ្លាស់ប្តូរនោះឡើយ ទោះបីជាស្ថានភាពអន្តរជាតិមានការវិវត្តយ៉ាងណាក្តី”។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង KCNA វិញបាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើនដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការទំនាក់ទំនងកម្រិតខ្ពស់ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយុទ្ធសាស្ត្រ និងការការពារផលប្រយោជន៍រួមក្នុងកិច្ចការអន្តរជាតិ និងតំបន់ផងដែរ។ KCNA បាននិយាយទៀតថាលោក Kim បានចាកចេញពីទីក្រុងប៉េកាំងតាមរថភ្លើងឯកជនរបស់គាត់កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់លោកជាមួយលោក Xi ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់កូរ៉េខាងជើង ទោះបីជាមានសំណួរជាច្រើនអំពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេក៏ដោយ។ លោក Kim បានស្ថិតក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ឆ្នាំមកនេះដោយបាននាំកូនស្រីវ័យក្មេងរបស់លោកមកជាមួយ ដោយបន្ថែមនូវក្តីរំពឹងទុកថានាងកំពុងត្រូវបានសម្លឹងមើលដើម្បីតែងតាំងជាមេដឹកនាំបន្ទាប់របស់ប្រទេសនេះ។ កាលពីថ្ងៃពុធ លោកនោះដែរលោកបានចូលរួមជាមួយមេដឹកនាំបរទេសចំនួន ២៦ នាក់ ដែលបានទស្សនាការដង្ហែក្បួនប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ហើយក៏ជាលើកទីមួយដែរ សម្រាប់លោក Kim ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ធំជាមួយមេដឹកនាំលើពិភពលោកជាច្រើន ចាប់តាំងពីលោកចូលកាន់តំណែងនៅចុងឆ្នាំ ២០១១មក៕

សម្រួលអត្ថបទ៖ សុផារិន្ទ