លោកប្រធានាធិបតីចិន Xi Jinping និងលោក Sassou Nguesso ផ្ញើសារស្វាគមន៍កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រី FOCAC

ប្រធានាធិបតី Xi Jinping និងប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ លោក Denis Sassou Nguesso បានផ្ញើលិខិតអបអរសាទរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធនេះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលបានប្រមូលផ្តុំជួបជុំមន្ត្រីជាន់ខ្ពស់ជាង១០០នាក់មកពីប្រទេសចិន និងអាហ្វ្រិក ដើម្បីបង្កើនកិច្ចសន្យាពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ទំនើបកម្មរួមគ្នា។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអ្នកសម្របសម្រួលស្តីពីការអនុវត្តសកម្មភាពតាមដាននៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានបើកជាផ្លូវការនៅទីក្រុង Changsha ខេត្ត Hunan កាលពីថ្ងៃពុធ។ ឆ្នាំនេះគឺជាខួបលើកទី ២៥ឆ្នាំ នៃការបង្កើតសហគមន៍ FOCAC ។ នៅក្នុងលិខិតរបស់លោក Xi បាននិយាយថា FOCAC បានជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងចិន-អាហ្វ្រិក ចាប់តាំងពីការបង្កើតឡើងកាលពី២៥ឆ្នាំមុន ដោយក្លាយជាគំរូដ៏ល្អនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិសកលខាងត្បូង។ ខណៈដែលទិដ្ឋភាពអន្តរជាតិបច្ចុប្បន្នត្រូវបានយើងកត់សំគាល់ថាបានផ្លាស់ប្តូរនិងមានភាពចលាចល។ លោក Xi បាននិយាយថាប្រទេសចិនប្តេជ្ញាផ្តល់ឱកាសថ្មីសម្រាប់ពិភពលោកជាមួយនឹងសមិទ្ធិផលថ្មីនៃទំនើបកម្មរបស់ចិន និងផ្តល់កម្លាំងរុញច្រានថ្មីដល់ដៃគូសកលខាងត្បូង រួមទាំងទ្វីបអាហ្វ្រិក តាមរយៈទីផ្សារដ៏ធំរបស់ខ្លួនដែរ។ កិច្ចប្រជុំកំពូល FOCAC ទីក្រុងប៉េកាំងដែលបានធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន បាននាំឱ្យមានការឯកភាពគ្នាយ៉ាងខ្លាំងលើសំណើចំនួន៦ និងគំនិតផ្តួចផ្តើមភាពជាដៃគូចំនួន ១០ ក្នុងគោលបំណងរួមគ្នាជំរុញទំនើបភាវូបនីយកម្ម ដែលជាដំណាក់កាលថ្មីមួយក្នុងការអភិវឌ្ឍន៍សហគមន៍ចិន-អាហ្វ្រិកគ្រប់អាកាសធាតុ ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី។ លោក Xi បាននិយាយថាប្រទេសចិន និងអាហ្រ្វិកក៏បានឈានដល់ការឯកភាពគ្នាផងដែរ ក្នុងការចាប់ផ្តើមឆ្នាំ ២០២៦ នៃឆ្នាំចិន-អាហ្វ្រិក នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលត្រូវបានគេរំពឹងថានឹងបញ្ចូលភាពរឹងមាំថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពចិន-អាហ្វ្រិក។ លោកបាននិយាយថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចចិន-អាហ្រ្វិកសម្រាប់ការអភិវឌ្ឍន៍រួមគ្នា ដើម្បីអនុវត្តការអនុគ្រោះពន្ធសូន្យសម្រាប់បន្ទាត់ពន្ធ ១០០ % សម្រាប់ប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។ លោកបានបន្ថែមថា ប្រទេសចិននឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចបំផុតនៅក្នុងទ្វីបអាហ្រ្វិកក្នុងការនាំចេញទៅកាន់ប្រទេសចិនផងដែរ។ លោក Xi បាននិយាយថា ប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយទ្វីបអាហ្រ្វិក ដើម្បីអនុវត្តយ៉ាងពេញលេញនូវផែនការសកម្មភាពភាពជាដៃគូទាំង១០ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជាឧស្សាហកម្មបៃតង ពាណិជ្ជកម្មអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ព្រមទាំងពង្រីកកិច្ចសហការផ្នែកសន្តិសុខ ហិរញ្ញវត្ថុ និងនីតិរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក៕
សម្រួលអត្ថបទ៖ Borinika Sopharin Em