លោកបណ្ឌិត ទី សុផល គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំ ធ្វើបទបង្ហាញពី «ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន» ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
រសៀលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ទី សុផល គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំ ធ្វើបទបង្ហាញពី «ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន» ក្នុងវគ្គបណ្តុះបណ្តាលសំខាន់មួយ ដែលផ្តោតលើ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន»។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមណនិស្សិត និស្សិត និងមន្រ្តីរាជការជាច្រើនរូប ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
ក្នុងបទបង្ហាញរបស់លោកបណ្ឌិត ទី សុផល បានពន្យល់យ៉ាងលម្អិតអំពីន័យ និងសារៈសំខាន់នៃវិជ្ជាជីវៈគ្រូបង្រៀន ដែលមិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការបំពេញភារកិច្ចសង្គមដ៏ថ្លៃថ្នូរ ក្នុងការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានចរិតលក្ខណៈ សីលធម៌ និងការទទួលខុសត្រូវ។ លោកបណ្ឌិតក៏បានបកស្រាយពីបញ្ញត្តិច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដែលជាមូលដ្ឋានច្បាប់សម្រាប់គ្រូគ្រប់កម្រិតក្នុងការអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានវិជ្ជាជីវៈ។ ជាពិសេស លោកបណ្ឌិតបានលើកយកចំណុចសំខាន់ៗមួយចំនួន ដែលគ្រូបង្រៀនកម្រិតឧត្តមសិក្សា មិនគួរធ្វើមានដូចជា ការប្រើប្រាស់កាយវិការមិនសមរម្យ ការប្រើពាក្យសម្តីមិនល្អ ឬបង្កឱ្យសិស្សនិស្សិតមានការភ័យខ្លាច ឬរងសម្ពាធផ្លូវចិត្ត។ លោកបានបញ្ជាក់ថា កាយវិការ និងពាក្យសម្តីរបស់គ្រូមានឥទ្ធិពលខ្លាំងលើអារម្មណ៍ ទំនុកចិត្ត និងការរៀនសូត្ររបស់សិស្សនិស្សិត ដូច្នេះគ្រូត្រូវតែប្រកាន់ខ្ជាប់នូវភាពសុភាពរាបសារ ការគោរព និងមេត្តាករុណា ជាមូលដ្ឋានសំខាន់នៃវិជ្ជាជីវៈ។
លើសពីនេះ លោកបណ្ឌិតក៏បានរំលេចបន្ថែមអំពីការយល់ដឹងជ្រាលជ្រៅលើក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដែលមានចំណុចគ្រឹះដូចជា មូលដ្ឋានគ្រឹះនៃសកម្មភាពវិជ្ជាជីវៈ ការវិនិច្ឆ័យច្បាស់លាស់រវាងអ្វីដែលត្រូវ និងអ្វីដែលខុស ការរក្សាសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ។ លោកបានលើកឡើងបន្តទៀតថា ក្រមសីលធម៌មិនមែនជាការគំរាមកំហែង ឬការបិទសិទ្ធិសេរីភាពគ្រូទេ ប៉ុន្តែជាការការពារ និងជាគោលដៅណែនាំឱ្យគ្រូអនុវត្តការងារដោយមានវិជ្ជាជីវៈ និងភាពទទួលខុសត្រូវ។
បន្ថែមពីនេះ លោកបណ្ឌិតបានពន្យល់ថា គោលការណ៍ក្រមសីលធម៌ក្នុងការបង្រៀន គឺជាការវាយតម្លៃសិស្សនិស្សិតដោយយុត្តិធម៌ មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន ការគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័ន ការគោរពឋានានុក្រម និងក្រុមការងារ ការប្រកួតប្រជែងដោយផ្អែកលើសមត្ថភាព មិនប្រើអំណាច ឬអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ កត្តាដែលសំខាន់គឺ គ្រូត្រូវចេះលើកទឹកចិត្ត បង្កើតទំនាក់ទំនងល្អ និងបរិយាកាសរៀនសូត្រដែលពោរពេញដោយការគោរព និងការយល់ចិត្តចំពោះសិស្សនិស្សិត។



