លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ស្នើឱ្យអនុម័តថវិកាបន្ថែមសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់! ហើយថានេះមិនមែនជាការចំណាយឥតប្រយោជន៍ទេ វាជាការវិនិយោគ………
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលនឹងបន្ថែមថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងថវិការដ្ឋ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ លោក Netanyahu បានបន្ថែមថា “វាត្រូវចំណាយប្រាក់យ៉ាងច្រើនណាស់ ដូច្នេះវាតម្រូវឱ្យយើងត្រូវផ្តល់ថវិកាពិសេសក្នុងអំឡុងពេលមានសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់” ជាមួយនឹងសាច់ប្រាក់រាប់សិបពាន់លានសេកែល (រូបិយវត្ថុថ្មីរបស់អ៊ីស្រាអែល)។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich ដែលបានឈរក្បែរលោក Netanyahu ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ បាននិយាយថា រដ្ឋាភិបាលនឹងកោះប្រជុំដើម្បីអនុម័តលើថវិកាបន្ថែមទៀត។ លោក Smotrich បាននិយាយថា “នេះមិនមែនជាការចំណាយទេ វាជាការវិនិយោគសម្រាប់ជន្នះលើសត្រូវ”។ ទន្ទឹមនឹងនេះដែរ ការវាយប្រហាររបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធប្រេង និងការសន្យាថានឹងបិទផ្លូវទឹកដ៏សំខាន់មួយ បានធ្វើឱ្យទីផ្សារប្រេងមានភាពច្របូកច្របល់ ខណៈដែលសហរដ្ឋអាមេរិកបានសន្យាថានឹងវាយប្រហារឲ្យកាន់តែចាស់ដៃបន្ថែមទៀតទៅលើអ៊ីរ៉ង់។ សង្គ្រាមរវាងពួកគេបានចូលដល់ថ្ងៃទី១១ហើយ ហើយវាក៏ត្រូវនឹងថ្ងៃទី១១ខែមិនាដែរ ដោយមិនទាន់រកទីបញ្ចប់ឃើញឡើយ ខណៈដែលផលប៉ះពាល់ពីសង្រ្គាមនេះត្រូវបានរង្គោះរង្កើនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងរីកសាយភាយទៅខាងក្រៅដែរ។ ភាគីទាំងពីរបានបង្កើនវោហាសាស្ត្ររបស់ពួកគេរៀងខ្លួន នៅពេលដែលពួកគេជីកកកាយ ពីភាពខ្លាំងរបស់ខ្លួនឯង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានសន្យាម្តងទៀតអំពីការវាយប្រហារដ៏ខ្លាំងក្លាបំផុតទៅលើអ៊ីរ៉ង់ ខណៈដែលមេដឹកនាំអ៊ីរ៉ង់បានច្រានចោលការចរចា និងការគំរាមកំហែងប្រធានាធិបតីអាមេរិក លោក Donald Trump។ អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីស្រាអែល និងបណ្តាប្រទេសនៅឈូងសមុទ្រអារ៉ាប់ ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមដែនអាកាសជាបន្តបន្ទាប់ទៅលើអ៊ីរ៉ង់ និងលីបង់ ជាកន្លែងដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធហេសបូឡាដែរ។ អ្នកស្រុកនៅទីក្រុងតេអេរ៉ង់បាននិយាយថា ពួកគេបានជួបប្រទះការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនពីសង្គ្រាមនេះ ដែលនាំឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងសង្កាត់ជាច្រើនក្នុងរដ្ឋធានី។ អ្នកស្រុកម្នាក់បាននិយាយថា តំបន់របស់គាត់បានញ័ររញ្ជួយអស់រយៈពេលកន្លះម៉ោងចាប់ពីការវាយប្រហារមួយយប់រហូតដល់ព្រឹកថ្ងៃអង្គារ ដើមសប្តាហ៍នេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



