លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu អះអាងប្រាប់ ពិភពលោកថាមូលហេតុដែលលោកត្រូវកំចាត់អ៊ីរ៉ង់គឺដោយសារពួកគេកំពុងកសាងឡើងវិញនូវកម្មវិធីគ្រាប់បែកបរមាណូ និង មីស៊ីលបាលីស្ទីក
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានការពារការសម្រេចចិត្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់រួមជាមួយសហរដ្ឋអាមេរិកដោយលោកបានថ្លែងនៅក្នុងកម្មវិធី Hannity របស់ Fox News Channel ថា៖ អ៊ីរ៉ង់កំពុងកសាងឡើងវិញនូវ “ទីតាំងថ្មីៗ កន្លែងថ្មីៗ” ដែលនឹងធ្វើឱ្យ “កម្មវិធីមីស៊ីលផ្លោង និងកម្មវិធីគ្រាប់បែកបរមាណូរបស់ពួកគេមានភាពស៊ាំក្នុងរយៈពេលប៉ុន្មានខែទៀត ឬ ballistic missile program និង atomic bomb program ។ លោកមិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រលើការអះអាងរបស់លោកនោះទេ។ ប៉ុន្តែរូបថតពីផ្កាយរណបដែលវិភាគដោយសារព័ត៌មាន AP បានបង្ហាញនូវសកម្មភាពមានកម្រិតនៅទីតាំងនុយក្លេអ៊ែរពីរនៅក្នុងប្រទេសអ៊ីរ៉ង់មុនសង្គ្រាម ដោយអ្នកវិភាគនិយាយថា វាទំនងជាទីក្រុងតេអេរ៉ង់កំពុងព្យាយាមវាយតម្លៃនូវការខូចខាតពីការវាយប្រហាររបស់អាមេរិកក្នុងខែមិថុនា និងអាចជួយសង្គ្រោះអ្វីដែលនៅសេសសល់នៅទីនោះបានដែរ។ លោក Netanyahu បាននិយាយថា “យើងត្រូវចាត់វិធានការឲ្យបានឆាប់នាពេលបច្ចុប្បន្ននេះ ហើយយើងបានធ្វើប្រាកដមែន” “បើមិនដូច្នោះទេ របបសម្លាប់រង្គាលអ៊ីរ៉ង់នឹងមានភាពស៊ាំពីសកម្មភាពនានាក្នុងពេលអនាគតបាន”។ ដោយបន្ទរចំណុចមួយរបស់រដ្ឋបាលលោក Trump ដែរ លោកនាយករដ្ឋមន្រ្តីបាននិយាយម្តងទៀតថា សង្គ្រាមនឹងគ្មានទីបញ្ចប់ទេ ហើយវានឹងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីបង្កើតរដ្ឋាភិបាលបែបប្រជាធិបតេយ្យថ្មីដែរ។ មិនមានសញ្ញាណាមួយនៃការបះបោរដ៏ធំប្រឆាំងនឹងលទ្ធិទេវនិយមរបស់អ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើយ។ លោក Netanyahu បាននិយាយថា ជម្លោះនេះអាចជា «ច្រកទ្វារចេញតែមួយគត់សម្រាប់សន្តិភាព» រវាងអ៊ីស្រាអែល និងមហាអំណាចក្នុងតំបន់ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ប៉ុន្តែមកដល់ពេលនេះអារ៉ាប៊ីសាអូឌីត រួមជាមួយប្រទេសអារ៉ាប់ដទៃទៀត នៅតែមានក្តីខឹងសម្បារយ៉ាងខ្លាំងចំពោះការប្រព្រឹត្តមកលើប្រជាជនប៉ាឡេស្ទីនក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល-និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



