លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត

នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះ ពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន២៥២៥នាក់ ដែលធ្វើឡើងទីតាំងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត ដែលជាបេសកកម្មលើកទី៩២។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
និងអាជ្ញាធរស្រុកស្រុកដងទង់ជាច្រើនទៀត។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តកំពត ជាពិសេសអាជ្ញាធរស្រុកដងទង់ ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន២៥២៥ នាក់ រួមមាន៖ វះកាត់តូចចំនួន៥០នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន៩៥នាក់, សម្ភព និងអេកូសាស្ដ្រចំនួន១៦០នាក់ ,ពិនិត្យព្យាបាលមាត់ធ្មេញចំនួន២៥៦នាក់, និងផ្នែកជំងឺទូទៅ ចំនួន១៩៦០នាក់ និងបញ្ជូនអ្នកជំងឺមកព្យាបាល៤នាក់។
ជាមួយគ្នានោះ ក៏មានការចែកវែនតាជូនដល់លោកយាយលោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង, ចែកថង់អំណោយ(ឃីត) សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា២០០នាក់ ដោយក្នុងថង់នោះមានសំលៀកបំពាក់,ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១ ,ថ្មាំពេទ្យ,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប និងជូនប្រជាពលរដ្ឋចំនួន៣០០នាក់ ដោយក្នុងថង់នោះរួមមាន ក្រមា១,សារុង១, ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១ ,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប៕