លោកជំទាវ សេង សុមេត្តា និងលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនជនរងគ្រោះ នៅមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យមួយបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំស្រ្តី ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
អញ្ជើញជាអធិបតីក្នុងឱកាសនោះរួមមាន៖
• លោកជំទាវ សេង សុមេត្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
• លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវទាំងទ្វេ រួមជាមួយក្រុមការងារសមាគមនារី បានបង្ហាញនូវភាពស្និទ្ធស្នាលយ៉ាងខ្លាំងតាមរយៈការរៀបចំនំបញ្ចុកសាមគ្គី៖ ក្រុមការងារបានដួសអាហារ និងរៀបចំជូនដល់ជនរងគ្រោះដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ ដោយផ្ទាល់ដៃ។
លោកជំទាវបានសន្ទនា សាកសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់កុមារៗ និងបងប្អូនជនរងគ្រោះ បង្កឱ្យមានបរិយាកាសពោរពេញដោយស្នាមញញឹម និងសេចក្តីសង្ឃឹម។ ក្រៅពីអាហារសាមគ្គី ក្រុមការងារក៏បាននាំយកនូវសម្ភារឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។
សកម្មភាពនេះមិនត្រឹមតែជាការផ្តល់អាហារមួយពេលនោះទេ ប៉ុន្តែវាគឺជាការស្តែងឱ្យឃើញពីស្មារតី “សាមគ្គីភាព និងការចែករំលែក” របស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលតែងតែនៅក្បែរ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន។
អត្ថបទ៖ ម៉ារ៉ាឌី



