លោកជំទាវ សឿ សុជាតា បានថ្លែងឡើងថា ៖ រដ្ឋត្រូវមានវិធានការទប់ស្កាត់មិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានភាពអូសទាញខ្លាំងពេក ព្រោះគ្រឿងស្រវឹងបានបំផ្លាញសុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង……

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត ជឿ សុជាតា បានមានប្រសាសន៍ថា យើងមិនអាចហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹងបានទេ ព្រោះវាជាបញ្ជាសកលទៅហើយ ប៉ុន្តែការលក់គ្រឿងស្រវឹងនេះត្រូវមានលក្ខខណ្ឌត្រឹមត្រូវ។

ក្នុងពិធីប្រកាសជ័យលាភី «ការប្រកួតផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រដ្ឋត្រូវមានវិធានការទប់ស្កាត់មិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានភាពអូសទាញខ្លាំងពេកឡើយ ព្រោះគ្រឿងស្រវឹងបានបំផ្លាញសុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង ដែលប៉ះពាល់ដល់ធនធានមនុស្ស ការអប់រំ និងសេដ្ឋកិច្ចជាតិ។

លោកជំទាវបានគាំទ្រដល់យុវជនមកពីបណ្តាគ្រឹះស្ថានសិក្សានានាទាំងរដ្ឋនិងឯកជន ដែលបានផលិតវីដេអូអប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹង ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា។

លោកជំទាវបានបញ្ជាក់ថា វីដេអូរបស់សិស្ស-និស្សិតទាំងនេះ គឺជាការចូលរួមវិភាគទាន និងផ្តល់តម្លៃអប់រំយ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការពិសារគ្រឿងស្រវឹង និងកសាងមូលធនមនុស្សកាន់តែរឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិ។ លោកជំទាវបញ្ជាក់ដូច្នេះថា៖ «ការផលិតវីដេអូប្រកបដោយគុណភាព និងខ្លឹមសារនេះ នឹងចូលរួមចំណែកបន្ថែម ដើម្បីឱ្យសាធារណជនពិចារណា និងយល់ដឹងទាំងអស់គ្នាអំពីតម្លៃសុខភាព។» តាមរយៈវីដេអូនានាដែលផលិតដោយយុវជន និងបង្ហោះលើបណ្តាញសង្គម ដែលទទួលបានការទស្សនាជិត ៣លានដង ក្រុមយុវជនបានលើកឡើងថា ប្រសិនបើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតែបន្តលើបណ្តាញសង្គម តាមដងផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ និងតាមរយៈតារាល្បីៗ កម្ពុជានឹងបន្តប្រឈមនឹងបញ្ហាដែលកើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង។

ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការដំឡើងអាករពិសេសលើផលិតផលគ្រឿងស្រវឹង ការកំណត់អាយុទិញនិងប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងការហាមឃាត់តារាល្បីៗមិនឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាការអំពាវនាវរបស់យុវជនដែលត្រូវបានលើកឡើងនៅក្នុងវីដេអូចំនួន ៨៣។ វីដេអូទាំងនេះបានទទូចឱ្យរាជរដ្ឋាភិបាលដាក់ចេញ និងចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីការពារកុមារ និងយុវជនកម្ពុជា ដែលជាមូលធនមនុស្សបន្តវេន និងជាកម្លាំងស្នូលសម្រាប់ការពារ និងអភិវឌ្ឍសង្គមជាតិនាពេលអនាគត មិនឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងស្រវឹងឡើយ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃអង្គការចលនាដើម្បីសុខភាព បានមានប្រសាសសន៍ថា ការស្នើសុំរបស់យុវជននេះ គឺស្របគ្នាយ៉ាងខ្លាំងទៅនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលបានណែនាំឱ្យ៖ ហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង។ កំហិតភាពងាយរកបាននៃផលិតផលគ្រឿងស្រវឹង។ ដំឡើងអាករពិសេសលើផលិតផលគ្រឿងស្រវឹង។

យុវជនមកពីខេត្តតាកែវបានបញ្ចេញចំណាប់អារម្មណ៍ថា៖ «រៀងរាល់ ១០វិនាទី មានមនុស្សស្លាប់ ១នាក់បណ្តាលមកពីគ្រឿងស្រវឹង ហើយគ្រឿងស្រវឹងក៏ជាភ្នាក់ងារបង្កហានិភ័យជាច្រើនដូចជា៖ ធ្វើឱ្យធនធានមនុស្សចុះខ្សោយ បាត់បងសមត្ថភាពពលកម្ម ធ្វើឱ្យមនុស្សញៀនស្រា និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវជនជាដើម»។

យុវជនមកពីសាលារៀនវ៉េស្ទឡាញន៍ (Westline) បានលើកឡើងថា មានកត្តាមួយចំនួនដែលជំរុញឱ្យយុវជនចាប់ផ្តើម និងប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនឡើងៗ៖ «ក្នុងសង្គមបច្ចុប្បន្ន គ្រឿងស្រវឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាមរយៈកត្តាអូសទាញពីរគឺ៖ ទី១- តម្លៃថោក និងភាពងាយរកបាននៃគ្រឿងស្រវឹង និងទី២- ការផ្សាយប៉ាណូធំៗ តាមរយៈបុគ្គលមានឥទ្ធិពលផ្សព្វផ្សាយលើបណ្តាញសង្គមដូចជា Facebook, TikTok និង Instagram ព្រមទាំងយុទ្ធនាការផ្តល់រង្វាន់ក្នុងក្រវិលកំប៉ុងថែមទៀតផង»។

យុវជនមកពីសាលា Education First Cambodia បានស្នើសុំរាជរដ្ឋាភិបាលពិចារណាលើវិធានការចំនួន ៥ ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹង៖ គឺផ្ទាំងប៉ាណូនៅតាមផ្លូវសាធារណៈមិនត្រូវផ្សាយគ្រឿងស្រវឹង។ ក្រុមហ៊ុនស្រាបៀរមិនត្រូវដាក់រង្វាន់ដើម្បីពង្វក់ស្មារតីយុវជន។

អ្នកមានឥទ្ធិពល (Idol) ឬបុគ្គលល្បីៗ មិនត្រូវផ្សព្វផ្សាយការសេពគ្រឿងស្រវឹងដែលអាចអូសទាញយុវជនឱ្យធ្វើត្រាប់តាម ហើយការហាមដាច់ខាតការលក់គ្រឿងស្រវឹងដល់អនីតិជន និងគួរដំឡើងពន្ធ (អាករពិសេស) លើទំនិញស្រាបៀរ ដើម្បីកាត់បន្ថយការប្រើប្រាស់ជាដើម៕