លោកជំទាវ ទេស ផល្លីន ៖ ក្រសួងព័ត៌មានជំរុញកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រៀមអនុវត្តអាណាប័កផ្ទេរសិទ្ធិពេញលេញលើអង្គភាព៥ នៅឆ្នាំ២០២៧
ភ្នំពេញ៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានថ្លែងថា ស្របតាមកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ តម្រូវឱ្យក្រសួង-ស្ថាប័នទាំងអស់អនុវត្តជាអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញ យ៉ាងយូរត្រឹមឆ្នាំ២០២៨ ។ ឆ្លើយតបទៅនឹងចំណុចនេះ ក្រសួងព័ត៌មានបានរៀបចំចូលជាអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ៥អង្គភាព ក្នុងឆ្នាំ២០២៦ និងត្រៀមអនុវត្តក្នុង ឆ្នាំ២០២៧ នាពេលខាងមុខ ដោយក្រសួងបានរៀបចំដោយរក្សាគោលបំណង គោលនយោបាយ នៅដដែល និងបានរៀបចំកែសម្រួលពី ១កម្មវិធី ៦អនុកម្មវិធី ទៅជា ២កម្មវិធី ៨អនុកម្មវិធី រួមមាន៖ កម្មវិធីទី១៖ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍
អនុកម្មវិធី៥ មាន៖- អនុកម្មវិធីទី១ កិច្ចការព័ត៌មាន និងសោតទស្សន ; ទី២ ការងារផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា;
ទី៣ ការងារផ្សព្វផ្សាយរបស់វិទ្យុជាតិកម្ពុជា; ទី៤ ការងារផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា; ទី៥ សេវាគាំទ្រការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ របស់មន្ទីរជំនាញ រាជធានី-ខេត្ត ។
កម្មវិធីទី២៖ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដោយមានអនុកម្មវិធី៣ មាន៖
អនុកម្មវិធីទី១ ការផ្តល់សេវាគាំទ្រទូទៅ; ទី២ ការត្រួតពនិត្យផ្ទៃក្នុង និងអធិការកិច្ច ; ទី៣ សេវាគាំទ្រការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅរបស់មន្ទីរជំនាញ រាជធានី-ខេត្ត ។
លោកជំទាវ បានរំលឹកឡើងវិញថា ការអនុវត្តការងារហិរញ្ញវត្ថុកន្លងមករបស់ក្រសួងព័ត៌មាន បានអនុវត្តជាអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិមិនពេញលេញចំនួន ៥អង្គភាព និងមានគោលបំណងគោលនយោបាយចំនួន១ ការលើកកម្ពស់សេវាព័ត៌មានធានាឱ្យបាននូវសិទ្ធទទួលបាន ព័ត៌មានទាន់ពេលវេលា ពេញលេញ និងសុក្រឹត និងមានកម្មវិធី១ អនុកម្មវិធី៦ ។
ចំណុចសំខាន់ៗខាងលើនេះ គឺជាការលើកឡើងរបស់ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ក្នុងឱកាសបើកសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
អង្គសិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃ ៨-៩ ខែមិថុនា ដែលរៀបចំដោយក្រសួងព័ត៌មាន គឺមានការចូលរួមពីបណ្ដាអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងព័ត៌មាន និងមានវាគ្មិនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកជំទាវ ទេស ផល្លីន បានគូសបញ្ជាក់ថា អង្គភាពថវិកា គឺជាអង្គភាពដែលបានទទួលអាណត្តិកិច្ចច្បាស់លាស់ក្នុងការអនុវត្តសកម្មភាព ការងារដើម្បីបង្កើនបានលទ្ធផលជាក់លាក់ អាចវាស់វែងបាន និងរួមចំណែកក្នុងការសម្រេចគោលបំណង គោលនយោបាយក្រសួង-ស្ថាប័ន។ អង្គភាពថវិកាអាចជាអគ្គនាយកដ្ឋាន ឬអង្គភាពដែលមានថ្នាក់ស្មើ ឬកម្រិត ប្រហាក់ប្រហែលអគ្គនាយកដ្ឋានឬនាយកដ្ឋានហើយមានរចនាសម្ព័ន្ធច្បាស់លាស់ ព្រមទាំងមានទំហំការងារ ចំនួនបុគ្គលិក និងទំហំថវិកាសមស្រប។
លោកជំទាវ បានជម្រាបជូនដែរថា ក្រសួងព័ត៌មាន មានអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាន ចំនួន៤ រួមមាន៖
១-អគ្គលេខាធិការដ្ឋាន
២-អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍
៣-អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
៤-អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
៥-អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងមានអង្គភាពជំនាញចំនួន៤ រួមមាន៖
១-អធិការដ្ឋាន
២-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣-មណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន
៤-អង្គភាពលទ្ធកម្ម
ដូច្នេះការចូលរួមរបស់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នាពេលនេះ
គឺជាឱកាសដ៏មានតម្លៃ និងផ្តល់នូវចំណេះដឹងយ៉ាងទូលំទូលាយ ឆ្លើយតបទៅ នឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ លោកជំទាវ អគ្គលេខាធិការ សង្ឃឹមថា សិក្ខាកាមទាំងអស់ទទួលបានការលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តផ្ទាល់ ចំណេះដឹង និងជំនាញ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់យកទៅអនុវត្ត និងកែលម្អការងាររៀបចំ និងអនុវត្តផែនការថវិកានៅក្នុង អង្គភាពផ្ទាល់ឱ្យកាន់តែមានប្រសិទ្ធភាព វិជ្ជាជីវៈ និងទាន់ពេលវេលា៕




