លោកជំទាវ ទេស ផល្លីន ថ្លែងថា ក្រសួងព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពមន្ត្រីហិរញ្ញវត្ថុ ដើម្បីអនុវត្តថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាន បានត្រៀមលក្ខណៈក្នុងការអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ក៏ដូចជាបង្ហាញពីការតាំងចិត្ត និងការត្រៀមខ្លួនអនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់របស់អង្គភាពទាំង៥ ក៏ដូចជាមន្ត្រីរាជការផ្សេងទៀតចំណុះក្រសួងព័ត៌មានផងដែរ។

នេះជាការថ្លែងរបស់ លោកជំទាវ ទេស ផល្លីន ក្នុងឱកាសបិទសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកជំទាវ ទេស ផល្លីន បានគូសបញ្ជាក់ថា ចំណេះជំនាញថ្មីៗជាគន្លឹះលើកកម្ពស់ការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដូចនេះហើយទើបក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំជាសិក្ខាសាលានេះឡើង ក្នុងគោលបំណងសំខាន់ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតួនាទីភារកិច្ច ការរៀបចំផែនការថវិកា ការកំណត់សូចនាករវាស់វែង ជាពិសេស យល់ច្បាស់
ពីវិសាលភាព សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកា របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលក្រសួងព័ត៌មាន នឹងត្រូវចាប់ផ្តើមអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅឆ្នាំ២០២៧ នាពេលខាងមុខនេះ ឱ្យស្របតាមទិសដៅការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់កញ្ចប់ថវិកាឱ្យចំគោលដៅ សន្សំសំចៃ និងមានប្រសិទ្ធភាព ហើយនេះគឺជាការត្រៀមលក្ខណៈក្នុងការវិវឌ្ឍខ្លួនពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិន ពេញលេញ ទៅជា អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញ ប្រកបដោយបញ្ញាញាណ ភាពជឿជាក់ និងប្រាកដប្រជា។

លោកជំទាវអគ្គលេខាធិការបានបញ្ជាក់ថា ដោយមានការពន្យល់យ៉ាងសុីជម្រៅពីវាគ្មិនជាមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឲ្យសិក្ខាកាមចំនួន ១១០រូប ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកហិញ្ញវត្ថុទាំងអស់ចំណុះអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងព័ត៌មាន ទទួលបានចំណេះជំនាញថ្មីៗក្នុងការរៀបចំផែនការថវិកា និងនីតិវិធីអនុត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។ ចំណេះដឹងទាំងនេះគឺជាជំហានដ៏សំខាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ តាមអង្គភាពថវិកានីមួយៗឱ្យមានប្រសិទ្ធិភាពខ្ពស់នៅពេលអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញនៅពេលខាងមុខ។

លោកជំទាវ ទេស ផល្លីន បានគូសបញ្ជាក់ដែរថា ទោះបីជាការរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃកន្លងមកនេះ ទទួលបានជោគជ័យ ក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ពីលោកគ្រូបង្គោលក៏ដោយ ក៏មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ និងមន្ត្រីជំនាញដែលជាអ្នកអនុវត្ត ការងារផ្ទាល់ ចង់មានសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលថ្មីៗបន្ថែមទៀតក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានាដើម្បីពង្រឹងសមត្ថភាពបន្ថែម ក្នុងការអនុវត្តការងារ ឱ្យកាន់តែល្អប្រសើរឡើង និងស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕